ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

(ភ្នំពេញ)ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើ​ភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។

បើតាមប្រភពពីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំ​ធ្វើឱ្យដុំ​ឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែល​ឈាន​ទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។

លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលបានបញ្ជាក់ប្រាប់ថា ក្រុមការងារ​កំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿន​ផ្នែក​ខាង​ក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំង​បួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។

លោកបានបន្តឱ្យដឹងថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខ​ជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។

កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដង​មក​ហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។

គួរបញ្ជាក់ថាប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀត​នៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីង​ស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើង នៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨នៃគ្រីស្ដសករាជ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner