សត្វស្មោញជាសត្វកម្រ មានកវែង ចេះហែល និង មុជទឹកដូចជាសត្វពស់
(ភ្នំពេញ)៖ សត្វស្មោញ ( Oriental Darter) ជាប្រភេទបក្សីដែលមានកវែងដូចជាសត្វពស់ ចំពុះរបស់វាស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។វារស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំៗ។ សត្វនេះគេសង្កេតឃើញថា មានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងនៅតាមតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។
ស្មោញជាប្រភេទសត្វបក្សីធំ មានកម្ពស់ពី ៨៥ ទៅ ៩៧សង់ទីម៉ែត្រ។បក្សីប្រភេទនេះមានលក្ខណះពិសេស ដោយវាអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់អញ្ចឹង។គេអាចសម្គាល់វាដូច្នេះដោយ ក វាមើលទៅវែងដូចពស់ ជាពិសេស ពេលវាចុះហែលក្នុងទឹក ចំណែកចំពុះស្រួចដូចដាវ និងមានសម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ស្មោញជាប្រភេទជិតទទួលរងការគំរាមកំហែង តាមចំណាត់ថ្នាក់របស់អង្គការ IUCN។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖ ស្មោញមានវត្តមានពេញមួយឆ្នាំនៅស្រុកខ្មែរ និងទីជម្រករបស់វាស្ថិតនៅតំបន់ព្រៃលិចទឹក បឹង វាលភក់ ទន្លេធំៗ ហើយបន្ទាយពងកូនដ៏ធំជាងគេ គឺនៅតំបន់ស្នូលព្រែកទាល់នៃបឹងទន្លេសាប ដែលជាតំបន់ឋបនីយជីវមណ្ឌល និងតំបន់តូចៗមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ វារកចំណីដោយមុជទឹកចាប់ត្រីជាអាហារ។ រដូវបន្តពូជរបស់ស្មោញ គឺចាប់ពីខែកក្កដា ដល់ខែមីនា ហើយស្មោញញីមានពងចំនួនពី ៣ ទៅ៦។
គួរបញ្ជាក់ថាគម្រោង USAID ព្រៃឡង់បៃតងកន្លងមកបានឱ្យដឹងថាគម្រោងមួយនេះកំពុងធ្វើការជាមួយ ប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ សត្វនេះក៏ដូចជាសត្វ ដែលរងគ្រោះជិតផុតពូជទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។
បើយោងតាមឯកសារ របស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វស្មោញជាសត្វបក្សីដែលកំពុងជិតផុតពូជ នៅលើពិភពលោក ចំនួនវាមានត្រឹមតែប្រមាណជា ១ម៉ឺនក្បាលប៉ុណ្ណោះ។ សត្វស្មោញចូលចិត្តហែលទឹកណាស់។ ដោយសាររោមវាជ្រាបទឹក វាមិនសូវអណ្ដែតទឹកទេ។ បន្ទាប់ពីមុជ ឬហែលទឹកហើយ វាតែងរលាស់ទឹកចេញ និងត្រូវទៅត្រដាងស្លាបអាំងថ្ងៃលើមែកឈើ ដើម្បីសម្ងួតរោម។ សត្វស្មោញចូលចិត្តរកចំណីក្នុងទឹក តែមិនសូវជ្រៅ។ ក្នុងមួយរដូវ សត្វស្មោញពងបាន៤ទៅ៦ស៊ុត និងញាស់ក្នុងរយៈពេល២៥ទៅ៣០ថ្ងៃ។ ពេលកើតមកភ្លាម កូនញាស់មានរោមសំឡីពណ៌ស ហើយបានប្ដូរពណ៌បន្តិចម្ដងៗទៅជាពណ៌ត្នោត។ វាដុះរោមពេញខ្លួននៅអាយុ៧សប្ដាហ៍ ពេលនោះវាអាចហើរចេញពីសំបុកបានហើយ៕
ដោយ៖ម៉ាដេប៉ូ