ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រចំនួន ២៨៧គ្រឿង ដល់ក្រសួងយុត្តិធម៌សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានប្រគល់កុំព្យូទ័រចំនួន ២៨៧គ្រឿង ដល់ក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលពិធីប្រគល់-ទទួលកុំព្យូទ័រនេះ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅទីស្តីការក្រសួងយុត្តិធម៌ ។

ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២៨៧គ្រឿងនេះ គឺបានធ្វើឡើងដោយផ្អែកតាមស្មារតី នៃអនុស្សរណៈនៃការយោគ យល់រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះជាមួយគ្នា ក្នុងគោលបំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជម្រុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជម្រុញបរិវត្តកម្មឌីជីថលដល់ក្រសួងយុត្តិធម៌ ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។

ការជំរុញបរិវត្តកម្មឌីជីថលនៅក្រសួងយុត្តិធម៌ និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។នៅក្នុងឱកាសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដើម្បីចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រសួងយុត្តិធម៌ មិនរារែកក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការរបស់រាជរដ្ឋា ភិ បាល និងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹង និងការជម្រុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាព ដើម្បីគោលដៅរួមក្នុងការបំរើប្រជាពល រដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាផ្នែកមួយនៃការចូល រួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner