នៅចុងឆ្នាំនេះ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”
ភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !»នៅចុងឆ្នាំនេះ ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា យុទ្ធនាការក្នុងគោលបំណងកាត់បន្ថយឱ្យមកកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយ ។សម្ដៅទៅលើព័ត៌មានក្លែងក្លាយ ឯកឧត្តមបានបន្តថា ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។រីឯក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧០១ ករណី ដែលចំនួននេះបានកើនឡើងចំនួន ១២ភាគរយ បើប្រៀបធៀបនឹងចំនួនដែលបានកត់ត្រាទុកក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ១,៥១៩ករណីប៉ុណ្ណោះ។
ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា ករណីព័ត៌មានក្លែងក្លាយដែលត្រូវបានកត់ត្រាទុកទាំងនេះនៅមិនទាន់រាប់បញ្ចូលចំនួនករណីព័ត៌មានក្លែងក្លាយ ដែលត្រូវបានកត់ត្រាទុកដោយក្រសួង-ស្ថាប័ន ឬអង្គភាពផ្សេងទៀតទេ។ ដូច្នេះ យើងគ្រប់គ្នាចាំបាច់ត្រូវចូលរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតចេញពីព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីសង្គមគ្រួសារ និងជាតិកម្ពុជាយើង។
ទាក់ទងនឹងព័ត៌មានក្លែងក្លាយនេះដែរ នៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD)កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម ។ឯកឧត្តមបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ៕
ដោយ៖មុនី