ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មហោស្រពស្ថាបត្យកម្មកម្ពុជា ជាការបើកទំព័រ នៃសហសម័យកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ដែលគ្រោង​នឹងរៀបចំនាពេលខាងមុខ ថាជាដំណើរមួយដ៏ត្រឹមត្រូវលើវិថីនៃដំណើររបស់កម្ពុជា និងបានចាត់ទុកក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ថាជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភ​ពិធី​មហោស្រពឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យ​ស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យនិងជាការបើកទំព័រនៃសហសម័យកម្ពុជាផងដែរ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជាដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតរបស់យើងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ ជាពេលវេលាដ៏សមស្របដែលមិនធ្លាប់ មានក្នុងប្រវត្តិ សាស្ត្រ រយៈពេល ៥០០ឆ្នាំមកនេះ ។ រាល់ស្ថាបត្យកម្មអគារឪនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹង ភាព រស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទំលាប់បូកបញ្ចូលគ្នាដើម្បី​ឱ្យសមស្រប​ទៅនឹងការវិវត្តន៍នៃសហសម័យកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះពោរពេញ​ដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានពន្លឺសុភមង្គល មានជី​វភាព​ល្អប្រសើររស់នៅដោយភាពសុខក្សេមក្សាន្ត ដូច្នេះការងារនេះតម្រូវឱ្យ​យើងទាំង​អស់គ្នាត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថាតើយើងត្រូវបោះជំហានទៅមុខដោយរបៀបណាក្នុងការកសាងសង្គមជាតិអោយកាន់តែល្អប្រសើរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner