មន្រ្តីកសិកម្មប្រាប់ អ្នកដាំបន្លែថា ត្រូវចេះពីបច្ចេកទេសដាំ និងដឹងពីតម្រូវការទីផ្សារ
បន្ទាយមានជ័យ៖មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករដែលដាំបន្លែគ្រប់មុខថារឿងចាំបាច់មួយមិនត្រូវមើលរំលង គឺត្រូវដឹងពីរបៀបដាំដុះនិងតម្រូវការទីផ្សារទើបមុខរបរមួយនេះមាននិរន្តរភាព ។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យនិងជាអ្នកជំនាញលើដំណាំកសិកម្មកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយដល់ប្រជាកសិករជាអ្នកដាំបន្លែនៅសហគមន៍ស្រុកភ្នំស្រុក។នៅទីនោះលោកបានប្រាប់ដល់កសិករអំពីបច្ចេកទេសដាំដុះ។ទន្ទឹមនេះអ្នកដាំបន្លែក៏ត្រូវដឹងឱ្យច្បាស់លាស់រដូវកាលដំណាំនីមួយៗដែលអ្នកបរិភោគឬអ្នកទិញយកទៅលក់បន្តគេចង់បាន។ជាមួយគ្នានេះត្រូវចងក្រងជាសហគមន៍ដំណាំបន្លែដែលធ្វើឱ្យច្រវាក់នៃផលិតផលដំណាំបន្លែដំណើរការទៅបានរលូន ឆ្លើយតបទីផ្សារបន្លែ ។លោកថាអនុវត្តបែបនេះទើបមុខរបរដាំបន្លែមាននិរន្តរភាពនិងទទួលបានចំណូលច្រើន។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យដែលអញ្ជើញចូលរួមក្នុងឱកាសនេះដែរបានបន្ថែមថា មុខរបរដាំបន្លែនឹងជួយបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមលើមុខរបរធ្វើស្រែ។លោកបន្តថា ប៉ុន្តែការដាំបន្លែត្រូវធ្វើឱ្យទាន់ពេលវេលានិងប្រមូលផលឱ្យទាន់រដូវកាលផងដែរ៕
ដោយ៖ គៀន ច័ន្ទហ៊ីន