ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បើកវេទិកាសាធារណៈ នៅសង្កាត់វាលវង់
កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ក្នុងវេទិកាដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តខេមវ័នបឹងស្នាយ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ចំនួន៨ ដែលប្រជាពលរដ្ឋបាន លើកឡើង រួមមាន បញ្ហាស្ថាបនាប្រពន្ធលូ ដែលប៉ះពាល់ដល់ផ្លូវធ្វើដំណើរ បញ្ហាកកស្ទះចរាចរណ៍នៅគល់ស្ពានគីហ្សូណា បញ្ហាសេវកសេវាកម្មទឹកស្អាត បញ្ហាទឹកលិចក្រោមផ្ទះ សុំកសាងប្រព័ន្ធលូរំដោះទឹក ។ ល។ ដែលត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំប្រទេសជាងមួយឆ្នាំមកនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៩ ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ព និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ពីលទ្ធផលនោះបានគឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ។
ដោយ៖លីពៅ