កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានខិតខំ បន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យ ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម ។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ទោះបីការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រឹមរយៈពេលពីរឆ្នាំក៏ពិតមែន ប៉ុន្តែបេសកកម្មរបស់ឯកឧត្តម បានស្ថិតនៅក្នុងរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្តដា ឆ្នាំ២០២៣ និងការផ្ទេរការដឹកនាំប្រទេស ពីឥស្សរជនជំនាន់មុនដល់ឥស្សរជនបន្តវេនជំនាន់ក្រោយ ប្រកបដោយភាពរលូន និងគ្មានហិង្សា ខុសពីអតីតកាលដែលឱ្យតែមានការផ្លាស់ប្តូរការដឹកនាំម្តងៗ គឺតែងតែមានហិង្សា ផ្ទុះសង្រ្គាមឬចលាចលកើតឡើង ។
ឯកឧត្ដម ឆឺតគៀត អាត់ថាកន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧។ ឯកឧត្តមមានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាព គណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ពោរពេញដោយសមត្ថភាព ប្រទេសកម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័សជាបន្តទៀត ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានសម្របសម្រួល ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច នៅប្រទេសថៃកាលពីខែកក្កដា កន្លងទៅ ប្រកបដោយលទ្ធផលផ្លែផ្កា ធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរឹងមាំនិងជិតស្និទ្ធឡើង។
សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ និងបានបេជ្ញារួមគ្នាខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត លើកកម្ពស់ទំហំពាណិជ្ជ សេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែស្អិតល្មួត បន្ថែមទៀត ក្នុងនោះមានដូចជាយន្តការព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយជាដើម។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងថៃ នៅក្នុងឆ្នាំ២០២៣ បានឈានដល់ជាង ៩ពាន់លានដុល្លារ ហើយ ប្រទេសទំាងពីរ ប្រាថ្នាចង់ឃើញតួលេខនេះមានការកើនឡើងថែមទៀតរហូតដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ ប្រទេសថៃជាប្រទេសដែលបានវិនិយោគលំដាប់ទី៦ នៅប្រទេសកម្ពុជា ជាមួយគ្នានេះ ចំនួនទេសចរថៃទស្សនាកម្ពុជា ក៏បានជាប់លំដាប់ទី១ ផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ