របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពី និន្នាការវិជ្ជមានក្នុងការអភិរក្សសត្វត្មាត និង ការប្រារព្វទិវាយល់ដឹង អំពីសត្វ ត្មាតអន្តរជាតិ

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយពីរបាយ ការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់ លើការអភិរក្ស សត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិត ផុតពូជ បំផុតរួមមានត្មាតផេះ(Gyps bengalensis) ត្មាតត្នោត(Gyps tenuirostris) និងត្មាតភ្លើង(Sarcogyps calvus)។

បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះបានរំលេច​ផងដែរ​ពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា​ចាប់ពី​ខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣​ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើត​មាន​ឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វ​សំខាន់ៗ​ទាំងនេះ។

សកម្មភាពគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គឺជាគំនិតផ្តួច​ផ្តើមបង្កើតអាហារដ្ឋានត្មាត ដែលជាទីតំាងសំរាប់ផ្តល់សាកសពសត្វចិញ្ចឹម​ជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗបានកំណត់ទូទាំងប្រទេស។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមាន​ប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញ​សត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាត​ជិតផុតពូជរបស់យើង។» ឯកឧត្តមបានបន្ថែមថា «របាយការណ៍នេះបានសង្កត់ធ្ងន់​អំពីសារៈសំខាន់នៃការបន្តកិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។

ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការ​ទ្រទ្រង់ចំនួន​សត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះ​មានឱកាស​រស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានលទ្ធផល​គួរអោយ​កត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។ បន្ថែមលើគំនិតផ្តួចផ្តើម ក្នុងការផ្តល់ចំណីអាហារបន្ថែម របាយការណ៍នេះក៍បាន​បង្ហាញពីសកម្មភាពសំខាន់ៗផ្សេងៗទៀត ដូចជាការស្រាវជ្រាវស្វែករកសំបុក ពិនិត្យ​តាមដានការពារសំបុក និងការប្រយុទ្ឋប្រឆាំងទៅនឹងកត្តាគម្រាមកំហែងដែល​កើត​ចេញពីការបំពុល។ នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់​សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្ក​កំណើត​​ជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាបានបញ្ជាក់ថា “យើងពិតជារំភើបជាមួយ​លទ្ធផលនៃការ​ពងកូន​ជោគជ័យនៅក្នុងឆ្នាំនេះ។ កូនត្មាតទាំងនោះតំណាងអោយក្តី​សង្ឃឹមនាពេលអនាគតរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា។ មិនតែប៉ុណ្ណោះ​វាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តអភិរក្សរបស់យើងនិងការលះបង់របស់ក្រុមការងារនៅទីវាល”។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុល​ចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការ​សាយភាព​សារធាតុបំពុល។ សូមបញ្ចាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាត​ត្រូវបានស្លាប់ដោយការបំពុលនោះទេ។

ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជនអោយចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់​ដឹង​​ពីសត្វត្មាតអន្តរជាតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែក​ចំណេះ​​ដឹងទៅ​កាន់និស្សិតផ្នែកបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថា​នឹងពង្រឹង​ការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តាញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។ លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វសំខាន់ៗទាំងនេះ។ផែនការបន្ត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា កំពុងរៀបចំធ្វើការបោះពុម្ភ​ផ្សព្វ​ផ្សាយជាឯកសារវិទ្យាសាស្ត្រអំពីចំនួនសត្វត្មាតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងបង្ហាញពីកត្តាគំរាមកំហែងផងដែរ។ លើសពីនេះទៀត យើងនិងបន្តធ្វើការតាមដានអំពីដំណើរបំលាស់ទីរបស់សត្វត្មាតដោយប្រើឧបករណ៍ GPS-GSM លទ្ធផលទទួលបានពីការតាមដាននេះ មានគុណតម្លៃខ្លាំងណាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិរក្សនាពេលអនាគត។ រឿងដែលគួរឲ្យកត់សំគាល់​បំផុតប្រចាំឆ្នាំ២០២៣គឺការជួយសង្គ្រោះកូនត្មាតត្មាតភ្លើងបានឈឺនិងធ្លាក់ពីលើសំបុក នៅដែនជម្រកសត្វព្រៃស្រែពក។

បន្ទាប់ពីកូនសត្វនេះត្រូវបានជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ដោយមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ កូនសត្វត្មាតនេះត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិវិញ​នៅដែនជម្រកសត្វព្រៃសៀមប៉ាង ដោយបំពាក់ឧបករណ៍តាមដានដែលផ្តល់ដោយ​ក្រុមហ៊ុនរ៉ាយហ្ស៊ីង ហ្វីនិក ដើម្បីតាមដានការវិវឌ្ឍន៍នៃការលូតលាស់ និងដំណើរ​បំលាស់ទីរបស់វា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner