កម្ពុជា បន្តផ្ដល់ការគាំទ្រដល់សិង្ហបុរី ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ
(ភ្នំពេញ)៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ តែ ឡៃឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។
ភាគីទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីការបន្តផ្ដល់ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដល់សិង្ហបុរី ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសលើការការពារសិទ្ធិអធិបតេយ្យរបស់រដ្ឋ ដែលគ្រោងនឹងលើកយកមកពិភាក្សានាសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២៤ ។
លោកជំទាវ តែ ឡៃឆេង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាវិជ្ជមានរវាងប្រទេសទាំងពីរ ៕
ដោយ ៖ សួង ពិសិដ្ឋ