អភិបាលខេត្តកំពង់ធំ រំលឹកមន្រ្តីរដ្ឋបាលស្រុកប្រាសាទបល្ល័ង្កត្រូវអនុវត្តឱ្យបានល្អតួនាទីភារកិច្ចរបស់ខ្លួន
កំពង់ធំ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកទឹកចិត្តផង និងរំលឹកផងដល់មន្ត្រីនៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្កត្រូវអនុវត្តឱ្យបានល្អនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប។ការលើកឡើងបែបនេះកាលរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុក នៅសាលាស្រុកប្រាសាទបល្ល័ង្ក។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការលើកកម្ពស់,ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ស្រុក ឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាពដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។
ឯកឧត្តមបន្តថា ក្នុងន័យនេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕
ដោយ៖ប៊ុនរដ្ឋា