ក្រសួងការងារ ផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
កំពង់ធំ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជិត ៣០០នាក់។
ថ្លែងក្នុងពិធីលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំបានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាល បានអនុវត្តយ៉ាងម៉ឺងមាត់ នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណ:ល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណតិ្តទី៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ងាយរងហានិភ័យហើយចាត់ទុកជាផ្នែកប្រវត្តិសាស្ត្រមួយ សម្រាប់ការវិវឌ្ឍន៍នៃប្រព័ន្ធសុខមាលភាពសង្គមផងដែរ។
លោកបន្តទៀតថា កន្លងមកនេះរបបសន្តិសុខសង្គមត្រូវបានអនុវត្តន៏ ចំពោះមន្ត្រីរាជការសាធារណៈគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការទទួលបានរបបសន្តិសុខសង្គម ទាំងប្រាក់សោធន ការថែទាំសុខភាព ហានិភ័យការងារ និងអនិច្ចកម្មការងារ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលបន្ទុកចំណាយ ពេលមានជំងឺ ពេលអនិច្ចកម្មការងារ ឬហានិភ័យណាមួយកើតឡើង របស់មន្រ្តីរាជការ និងប្រជាពលរដ្ឋសារធាណៈ។
ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់វិភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួលមរណភាព។
ឯកឧត្តម បន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។
ដោយឡែកយុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិកក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕
ដោយ៖ ប៊ុន រដ្ឋា