ប្រមុខការទូតអ៊ុយក្រែនចុះចេញពីតំណែង ចំពេលសង្គ្រាមកាន់តែឡើងកំដៅ
គៀវ៖ ប្រធានសភាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ប្រមុខការទូតអ៊ុយក្រែនបានដាក់ពាក្យលាលែងពីតំណែងរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃការរុះរើដ៏សំខាន់មួយរបស់រដ្ឋាភិបាល។
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃពុធនេះ បានដាក់ពាក្យសុំលាលែងពីតំណែង ដែលនេះជាផ្នែកនៃការរុះរើដ៏ធំបំផុតមួយ របស់រដ្ឋាភិបាល អំឡុងសង្រ្គាមរយៈ៣០ខែ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
ជាមួយគ្នានេះ រដ្ឋមន្ត្រីមួយចំនួនទៀតក៏បានសុំលាលែងពីតំណែងផងដែរ ក្នុងនោះមានដូចជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧស្សាហកម្មយុទ្ធសាស្ត្រ និងការការពារបរិស្ថាន។
ការរុះរើរដ្ឋមន្រ្តីនេះកើតឡើងចំពេលដែលកងកម្លាំងរបស់រុស្ស៉ីកំពុងតែបន្តរុលឆ្ពោះទៅមុខនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនបានបញ្ជូនកងកម្លាំងខ្លួនបើកការវាយលុកចូលទៅក្នុងតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី តាំងតែពីដើមខែមុន។
រុស្ស៉ីក៏បានបង្កើនការវាយប្រហារដោយប្រើយន្តហោះដ្រូន និងមីស៊ីលមកលើអ៊ុយក្រែនផងដែរ ដោយកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សរាប់សិបនាក់នៅទីក្រុង Poltava ភាគកណ្តាល ហើយនៅថ្ងៃពុធ បានផ្តាច់ជីវិត៧នាក់ទៀតនៅទីក្រុង Lviv ភាគខាងលិច៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា