ការសិក្សាថ្មីមួយបង្ហាញថា ពិភពលោកប្រឈមមុខនឹងភ្លៀងអាចម៍ផ្កាយ

វ៉ាស៊ីនតោន ៖ ការសិក្សាថ្មីមួយបានបង្ហាញថា កម្ទេចកម្ទីអាចម៍ផ្កាយ Rocky ដែលកើតចេញពីអាចម៍ផ្កាយ Dimorphos នៅពេលដែលយានអវកាស DART របស់អង្គការ NASA បានបុកកម្ទេចកាលពីឆ្នាំ ២០២២នោះ អាចនឹងបង្កើតបានជាភ្លៀងអាចម៍ផ្កាយបង្កឡើងពីមនុស្សជាលើកដំបូង ដែលគេស្គាល់ថា Dimorphids។

ក្រោយអង្គការ NASA បានសម្រេចជាផ្លូវការនូវបេសកកម្ម DART (Double Asteroid Redirection Test) ដែលជាការធ្វើតេស្តបញ្ជូនយានឲ្យហោះទៅបុកដើម្បីបង្វែរទិសដៅអាចម៍ផ្កាយកាលពីខែកញ្ញា ឆ្នាំ២០២២ ដោយពេលនេះ ឥទ្ធិពលនៃការបុកនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា នឹងជះប៉ះពាល់មកលើភពផែនដីវិញនៅមួយទសវត្សរ៍ខាងមុខ។

យោងតាមលទ្ធផលសិក្សាថ្មីរបស់ក្រុមអ្នកជំនាញផ្នែកវិស្វកម្ម និងអវកាសមកពីវិទ្យាស្ថានតារាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំទីក្រុងមីលែន ប្រទេសអ៊ីតាលី ដែលត្រូវបានបញ្ចេញក្នុងខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដុំថ្មតូចៗរាប់លានដុំ ដែលបង្កឡើងពីការបុករបស់យាន DART ជាមួយអាចម៍ផ្កាយ Dimorphos នោះ ទំនងជាកំពុងស្ថិតក្នុងគន្លងផ្លូវមកកាន់ផែនដី ហើយអាចធ្លាក់ស្រោចមកលើផែនដីវិញ នៅអំឡុងមួយទសវត្សរ៍ខាងមុខ។

ក្រុមអ្នកជំនាញបានអះអាងថា ពួកវាត្រឹមជាដុំថ្មតូចៗប៉ុណ្ណោះ ហើយប្រសិនបើវាធ្លាក់ស្រោចមកលើផែនដីមែន ក៏មិនខុសនឹងដុំថ្មអវកាសខ្នាតតូច (meteorite) ទូទៅនោះដែរ នោះគឺនឹងធ្លាក់បុកបរិយាកាសផែនដី ហើយឆាបឆេះក្លាយជាធូលីផេះផង់អស់មិនខាន។

ទោះបីជាពួកវាមិនបង្កហានិភ័យដល់ផែនដី ឬសូម្បីតែមនុស្សលោកក៏ដោយ តែបាតុភូតពិសេសមួយនឹងកើតឡើង នោះគឺវានឹងបង្កទៅជា «ទេពច្យុតស្នាដៃមនុស្សជាលើកដំបូង» ដែលធ្លាក់មកលើភពផែនដី៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner