ម៉ាស៊ីនយន្តហោះរបស់ Rolls Royce ជួបបញ្ហា លុបការធ្វើដំណើរបន្តបន្ទាប់
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific កាលពីថ្ងៃពុធ បានលុបចោលជើងហោះហើរចំនួន ២២ បន្ថែមទៀត កើនដល់ ៩០សិបជើងហោះហើរ ចំពេលដែលម៉ាស៊ីនយន្តហោះ Airbus A350 ដែលផលិតដោយក្រុមហ៊ុន Rolls Royce មានមូលដ្ឋាននៅអង់គ្លេស កំពុងជួបបញ្ហា។
ប្រភពបានបញ្ជាក់បន្ថែមថា ជើងហោះហើរដែលត្រូវបានលុបចោល គឺនៅចន្លោះថ្ងៃទី ៥ ខែកញ្ញានេះ រហូត ដល់ថ្ងៃទី ៧ ខែកញ្ញា។ អ្នកដំណើរជាច្រើននាក់ ត្រូវបានគេឃើញកំពុងឈររង់ចាំយូរ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង បន្ទាប់ពីកើតហេតុការណ៍នេះ តាំងពីថ្ងៃចន្ទមក។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា យន្តហោះ Airbus A350 ចំនួន ១៥គ្រឿង ត្រូវការជំនួសប្រព័ន្ធបញ្ជូនប្រេងចូលទៅក្នុងម៉ាស៊ីន បន្ទាប់ពីបានត្រួតពិនិត្យលើយន្តហោះ ៤៨ គ្រឿង ដែលបានចុះចត។
ក្រុមហ៊ុនបាននិយាយទៀតថា គិតមកដល់ថ្ងៃពុធ យន្តហោះ៦គ្រឿងបានឆ្លងកាត់ការជួសជុល ដោយជោគជ័យ ហើយត្រូវបានសម្អាត ដើម្បីត្រៀមដំណើរការឡើងវិញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត