ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ​រៀប​ចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់​សេដ្ឋកិច្ចនាពេលអនាគត​ដែលមាន​ការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅអនុវត្តការងារបន្តដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតឱ្យស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត(SFESDP) មានទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន ជំនាញវិស្វកម្មឧស្សាហកម្ម(Industrial Engineering) បច្ចេក​វិទ្យា​ម៉ាស៊ីន (Machining Technology) និងតបណ្តាញ/សរសេរកម្មវិធីព័ត៌មានវិទ្យា (IT Networks/Programming)។

បន្ថែមពីនេះ កម្មវិធីនឹងជួយប្រែក្លាយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ដែលត្រូវបានជ្រើសរើសឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកបច្ចេកទេសដែលមានគុណភាពខ្ពស់ ក្នុងវិស័យអាទិភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការបច្ចេកវិទ្យា និងឧស្សាហកម្ម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner