នាយករដ្ឋមន្រ្តី៖ គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើក​កម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ

(ភ្នំពេញ)៖ គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជា ទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត ដើម្បីជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរងហានិភ័យ ងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម ។

នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី ។ សម្តេច បន្តថា កន្លងទៅ រាជរដ្ឋាភិបាល តែងតែគាំទ្រចំពោះសកម្មភាពគណៈមេធាវី តាមរយៈការផ្តល់ ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និង ក្មេងស្រីរងគ្រោះ ស្ទើតែងតាំងតំណាង គណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និង គណៈកម្មាធិការនានា ។

សម្តេចធិបតី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល បានផ្ដល់ថវិកាដល់គណៈមេធាវីចំនួន ២ ៩០០ លានរៀលក្នុងមួយឆ្នាំ តាមរយៈ កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ចំនួន ២ ៦០០លានរៀល និង កញ្ចប់ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន ៣០០លានរៀល សម្រាប់ជួយការពារក្តី និង ពិគ្រោះយោបល់ ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និង ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និង អំពើ បំពានលើសិទ្ធិ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២៩ឆ្នាំ កន្លងមកនេះ គណៈមេធាវី បានខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និង ដឹកនាំគណៈមេធាវី ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងផ្តល់សេវារដ្ឋបាលឆាប់រហ័ស បង្កើត និងកែសម្រួលវិធាននានា សម្រាប់គ្រប់គ្រងវិជ្ជាជីវៈមេធាវី មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ បង្កើនសមត្ថភាពសមាជិករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវត្តសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ជាពិសេស ដើរឱ្យទាន់សភាពការណ៍ដែលកម្ពុជាត្រូវធ្វើ​សាកល​ភាវូបនីយ៍កម្ម ក្នុងតំបន់ និងសាកលលោក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការរៀបចំសិក្ខាសាលា ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរកម្មសិក្សា ការរៀប ចំកិច្ចពិភាក្សា កិច្ចប្រជុំណែនាំនានា ។ បច្ចុប្បន្ន គណៈមេធាវី មានសមាជិកសរុប ២៩៩៦រូប, មេធាវីស្ត្រីចំនួន ៧៦៤រូប ស្មើនឹង ២៥,៥% ក្នុងនោះ មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈចំនួន ២៥៤៣រូប មេធាវី​កំពុងធ្វើកម្មសិក្សាចំនួន ២៣០រូប មេធាវី សុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប មេធាវី​សុំនៅក្រៅបញ្ជីចំនួន ២២រូប ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប និង​មេធាវីទទួលទណ្ឌកម្មលុបឈ្មោះ​ចេញ​ពីបញ្ជីគណៈមេធាវីចំនួន ១៨រូប ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner