រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ឱ្យរោងចក្រ សហគ្រាស ដែលបញ្ចេញសំណល់ប្រភេទ​បំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញ​សំណល់​រាវ​ឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)ក្រសួងបរិស្ថានបាន និង កំពុងជំរុញឱ្យដល់រោងចក្រសហគ្រាសណាមួយ ដែល​បញ្ចេញកាកសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យ ត្រួត​ពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហ​គ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ ។ ការចេញវិធានការឱ្យ​អនុវត្តនេះ​ធ្វើឡើងដើម្បីគ្រប់គ្រងដល់ការបញ្ចេញសារជាតិពុលទៅកាន់ប្រភពទឹក ដែលជះផលអាក្រក់ដល់សុខភាពពលរដ្ឋប្រើប្រាស់ទឹក នៅកម្ពុជា។

ក្រសួងបរិស្ថានបានឱ្យដឹងថាការអនុវត្តវិធានការនេះគឺធ្វើឡើងដោយយោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថាន​លេខ​៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យ​ត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សា​ហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍​ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោង​ចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ជុំវិញ​បញ្ហានេះ​ថា ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ច្រៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និង​ធានា​បាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ​និង​​បំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការ​វិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្ត​ទៅតាម​ផ្លូវច្បាប់។

ក្រសួងបរិស្ថានបានឱ្យដឹងផងថាមានរោងចក្រសហគ្រាសចំនួន៣កន្លែងធំៗ នៅខេត្ត​ស្វាយ​រៀង និងនៅខេត្តបាត់ដំបងបានចូលរួមអនុវត្ត។ ដោយឡែកកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជា​ឧស្សា​ហកម្មបោកគក់ខោប៊យ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់​រាវ​បន្ថែម​​ទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែន​ទឹកស្របតាម​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញ​សំណល់រាវក្រោយការសម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្រ្តីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។

ជាមួយគ្នានេះក្រសួងបរិស្ថានបានធ្វើការណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស(ប្រភេទ​ប្រភព​បំពុលសក្តានុពល) ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការ​បំពាក់​ឧបករណ៍នេះដោយអនុវត្ត ចាប់ពីពេលនេះតទៅ។ ក្នុងករណីខកខាន មិន​បា​នធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិត​បទ​ដ្ឋាន​គតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០ភាគរយដោយ​មិនមានការលើកលែងឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner