សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋភាគច្រើនមិនខ្វល់រឿងដក ឬមិនដកពី CLV-DTA ទេ តែអ្វីដែលពួកគាត់ចង់បាន គឺឱ្យអភិវឌ្ឍន៍ និងធានាកុំឱ្យបាត់ដី

(ភ្នំពេញ)៖ តាមការសង្កេតកន្លងទៅ ប្រជាពលរដ្ឋភាគច្រើន មិនខ្វល់រឿងដក ឬមិនដកពី CLV-DTA ទេ តែអ្វីដែលប្រជាពលរដ្ឋភាគច្រើនចង់បាន គឺ ឱ្យអភិវឌ្ឍន៍ និងធានាកុំឱ្យបាត់ដី ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់តាមដានស្តាប់ នូវកង្វល់របស់ប្រជាពលរដ្ឋ បន្ទាប់ពីមានការជជែកវែកញែកមួយរយៈ ។

សម្តេចធិបតី បានបន្តលើកឡើងថា មានប្រជាពលរដ្ឋយើង ៣ក្រុម ៖ ក្រុមទី១-ក្រុមបង្ហាញកង្វល់ពីបាត់ដី, ក្រុមទី២-ជាក្រុមចង់ឱ្យអភិវឌ្ឍន៍ និងក្រុមទី៣-ក្រុមស្ងាត់ស្ងៀម មិនបង្ហាញមតិអ្វីទេ តែក្រុមទី៣នេះ ជាក្រុមធំបំផុត មានចំនួនច្រើន នៅកណ្តាល តែចិត្តពួកគាត់មិនចង់ឱ្យបាត់ដី ហើយក៏ចង់កុំឱ្យបាត់អធិបតេយ្យជាតិ តែចង់ឱ្យអភិវឌ្ឍន៍ ។

សម្តេច បានបញ្ជាក់ថា ខ្ញុំគាំទ្រ និងស្របតាមក្រុមទី៣នេះ រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវ មិនមែនស្តាប់ហើយចោលនោះទេ គឺស្តាប់ហើយ ស្វែងរកដំណោះស្រាយ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិល​សង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋខ្លាចបាត់ដីបួនខេត្ត នៅក្នុង​តំបន់ភូមិភាគឦសាន ដោយខេត្តទាំងបួន មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម នោះ ដោយទី១-រាជរដ្ឋាភិបាល ប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះ ឱ្យកាន់តែរីកចម្រើន​បន្ថែម​ទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ត្រូវធ្វើឱ្យជាប់ និងទី២-ការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ច ជំរុញពលរដ្ឋខ្មែរឱ្យរស់នៅនៅ​តំបន់នោះ​ឱ្យបានច្រើន ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានថ្លែងដែរថា រហូតដល់ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ហើយ ដែលបានចូលរួមមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេច ក៏បានប្រកាសថ្លែង​អំណរអរគុណ ដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនូវមូលនិធិនេះផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner