ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញ ទស្សនកិច្ចការងារនៅប្រទេសចិន

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយ​ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ នៅរដ្ឋធានី​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ទស្សនកិច្ចការងារនេះ មានការអញ្ជើញចូលរួមពីលោកជំទាវជាអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ មួយចំនួនទៀត រួមមាន៖ ប្រធានបណ្ឌិត្យ​សភានគរបាលកម្ពុជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយក​ដ្ឋានអត្ត​សញ្ញាណ​កម្ម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ​មួយ​ចំនួនទៀត ។

សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការ​ទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ។ នៅរដ្ឋធានី​ប៉េកាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ច​សហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ ជាមួយឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner