អាល្លឺម៉ង់អះអាងថាខ្លួននៅតែជាប្រទេស«ផលិតឡាន»

បរទេស៖ រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសអាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់ត្រូវតែ បន្តធ្វើជាប្រទេសផលិតរថយន្ត ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំ Volkswagen បានគំរាមកាត់បន្ថយការងារទ្រង់ទ្រាយធំ ជាមួយនឹងលទ្ធភាពបិទរោងចក្រ ជាប្រវត្ថិសាស្ត្រ។

លោក Hubertus Heil រដ្ឋមន្ត្រីក្រសួងការងារបាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃទីពុធថា «អាល្លឺម៉ង់ត្រូវតែ បន្តឈ្មោះជាប្រទេសរថយន្ត» ពោលគឺបន្ទាប់ពីក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ បានអះអាង កាលពីថ្ងៃទី២ ខែកញ្ញាថា ខ្លួនអាចទទួលយកការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក នោះគឺការត្រៀមបិទរោងចក្រ គំរាមកំហែងដល់ការងារដ៏ច្រើនបន្ថែមទៀត ចំពេលមានផែនការសន្សំធនធានហិរញ្ញវត្ថុ ទ្រទ្រង់ស្ថិរភាពក្រុមហ៊ុន។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងផ្តល់ការគាំទ្រ ប្រសិនបើជាចាំបាច់ ដោយអះអាងថា «មិនមែនចង់ផ្សារភ្ជាប់រឿងនយោបាយទេ ប៉ុន្តែ នឹងវិនិច្ឆ័យ ឲ្យច្បាស់»។

កាលពីឆ្នាំមុន ក្រុមហ៊ុន Volkswagen បានប្រកាសពីផែនការសន្សំប្រាក់ ចំនួន ១១ពាន់លានដុល្លារ ហើយបានកំណត់ ការកាត់បន្ថយកម្លាំងពលកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីបង្កើនប្រាក់ចំណេញ។

យ៉ាងណាមិញ នៅប្រទេសអាឡឺម៉ង់ ក្រុមហ៊ុនផលិតរថយន្តមួយចំនួន រួមមាន ZF, Bosch និង Webasto បានប្រកាសកាត់បន្ថយការងារផងដែរ ខណៈដែលពួកគេតស៊ូដើម្បីសម្របខ្លួនទៅនឹងរថយន្តអគ្គិសនីជំនាន់ថ្មី ហើយប្រឈមមុខនឹងការប្រកួតប្រជែងឡានចិន ដែលកំពុងកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner