កម្ពុជា-ហ្វីលីពីន បញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការពង្រឹងអភិបាលកិច្ចល្អ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែក​ជួយពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់ភាពស្អាតស្អំ គណនេយ្យភាព និងតម្លាភាព​ក្នុងស្ថាប័ន សាធារណៈ ។

ការគូសបញ្ជាក់រួមគ្នានេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន លោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរ​ចាប់​តាំង​ពីឆ្នាំ១៩៥៧ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋហ្វីលី​ពីន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យ​ការទូត ការពារជាតិ សុខាភិបាល អប់រំ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អ​ប្រសើរ​លើ​គ្រប់ទិដ្ឋភាពរួមមាន ៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់​ពីបរទេស តាមរយៈនយោបាយការទូតសេដ្ឋកិច្ចដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងយន្តការ លើកទឹកចិត្តជាច្រើនដែលបាន​ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង បាន​ជម្រាប​ជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី “ក្រសួង​ទំនាក់ទំនងជាមួយ ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោល​ដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ដែលស្នូល​នៃ​យុទ្ធសាស្ត្រនេះផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម​ស្ថា​ប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីការលើកកម្ពស់​កិច្ចសហប្រតិបត្តិការផ្នែកការទូត ការពារជាតិ សេដ្ឋកិច្ច ការជំរុញការវិនិយោគ និង​ពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន ព្រមទាំងការពង្រីកកិច្ច​សហ​ប្រតិបត្តិការលើវិស័យមួយចំនួន ទៀតផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងក្រុម​គ្រួសារ មានសុខភាពល្អ អាយុយឺនយូរ ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្ម​ការ​ទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនឿយ៉ាងមុតមាំថា​ចំណង ការទូតរវាងប្រទេសទាំងពីរ នឹងកាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​បន្ថែមទៀតនាពេលខាងមុខ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner