នាយករដ្ឋមន្ដ្រី ៖ មនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួន ធ្វើការអប់រំ និងដោះលែង ៥៧នាក់ និងបញ្ជូនទៅកាន់តុលាការ ៩នាក់ ក្នុងផែនការថ្ងៃ១៨ សីហា

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយអប់រំ និងដោះលែងវិញចំនួន ៥៧ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ ក្នុងផែនការប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។

សម្ដេចធិបតី បញ្ជាក់ថា ឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់នេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំណត់យកថ្ងៃទី១៨ សីហា ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស ។

សម្ដេច ក៏បានចោទសួរដែរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? ដោយសង្កេត​ឃើញថា ក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញ ដោយមានភស្តុតាងច្បាស់លាស់​រួមមាន៖ ដបសាំង ចំពាមកៅស៊ូ គ្រាប់ដែកប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាស់ បដាផ្សេងៗ ដើម្បីឲ្យរាជរដ្ឋាភិបាល ដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ចំនួនអ្នកដែលឃាត់ខ្លួនមាន ៦៦នាក់ នៅថ្ងៃទី១៨ សីហានោះ សមត្ថកិច្ចធ្វើការ ណែនាំ ដោះលែងទៅវិញ ៥៧នាក់ ព្រោះអ្នកហ្នឹងមក​តាមគេ តាមឯង ។ ឥឡូវនៅសល់ ៩នាក់ ដែលត្រូវកសាងនីតិវិធី ទៅតុលាការ ជាមេក្លោងបំផុសបំផុល ។ សម្ដេច ថា ពលរដ្ឋមួយចំនួន បានចូលរួមថ្ងៃទី១៨ សីហា តាមក្រុមជ្រុលនិយម នៅក្រៅប្រទេស ហើយក្រុមទាំងនោះ ក៏បានដោះដៃចេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ដើម្បីសម្រេចបំណង​ក្នុងការផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ បុគ្គលជ្រុលនិយមមួយចំនួន ដែលនៅក្រៅប្រទេស មិនខ្លាច​ក្នុងការធ្វើអ្វីគ្រប់យ៉ាង ទោះបីជាត្រូវដុតផ្ទះខ្លួនឯងដើម្បីចំអិនពងមាន់មួយក៏ដោយ ។ សម្តេច បញ្ជាក់ថា យោងតាមសំឡេងដែលបានបែកធ្លាយ ពួកជ្រុលនិយមទាំងអស់នោះ ក៏បានរៀបចំផែនការក្នុងការដើរដុតផ្ទះមុខសញ្ញាសំខាន់ៗផងដែរ ក្នុងករណីការបំផ្ទុះ​របស់គេបានសម្រេច ។

សម្តេចធិបតី ក៏បានថ្លែងការហួសចិត្តចំពោះសំដី យុវជន ហៃ វណ្ណា ដែលនិយាយ​ញុះ​ញង់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ។ សម្តេច បានចាក់សំឡេងយុវជន ហៃ វណ្ណា ដែលជាមេដឹកនាំបាតុកម្មម្នាក់​នៅក្នុង​ប្រទេស​ជប៉ុន តាមរយះទូរស័ព្ទ ដោយនិយាយញុះញង់ប៉ុនប៉ងបង្កការផ្តួល​រំលំការ​ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។ បុគ្គលរូបនេះ បាននិយាយថា បើសេដ្ឋកិច្ចស្រុក​ខ្មែរ​ដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ ។ បុគ្គលរូបនេះ បានអំពាវនាវឱ្យ​ក្រុម​សកម្មជនប្រឆាំង នៅក្នុងប្រទេសកម្ពុជា រិះរកវិធីសាស្ត្រ ធ្វើយ៉ាងណា ដុតឱ្យសេដ្ឋ​កិច្ច​ខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនបានចូល​រួម​ក្នុងផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ សីហា ២០២៤ តាមការញុះញង់​របស់ បុគ្គលជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ។

សម្តេច បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារ សេចក្តីសុខរបស់​ប្រជា​ពល​រដ្ឋ ជាពិសេស គឺមិនអនុញ្ញាតឱ្យ​ ផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមជ្រុលនិយម​បាន​សម្រេចនោះឡើយ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏មានកាតព្វកិច្ចក្នុងការថែរក្សា​សុខ​សន្តិភាព ស្ថិរភាពសង្គម និងការបែកបាក់សាមគ្គីភាពជាតិ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការ​អភិវឌ្ឍទៅមុខជាបន្តទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងដោយសង្កត់ធ្ងន់ថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានាបាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណា ដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner