កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគ មកលើការកែច្នៃកសិផលកម្ពុជា ដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម នឹងពិភ្សាការងារ ជាមួយឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុង ការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជា ដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើក កម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត ។
តបតាមសំណើរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់ អ្នកជំនាញកសិកម្មចិន មកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធ និងផ្ទេរចំណេះដឹងថ្មីៗនៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាសម្របសម្រួលទាំងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឱ្យការងារនេះ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ និងអរគុណចំពោះលោក ឯកអគ្គរដ្ឋទូតចិន ដែលយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជំរុញច្រកមច្ឆា និងអង្ករ (Rice and Fish Corridor) ឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស និងទទួលបាននូវសមិទ្ធផល ជូនប្រជាជននិងប្រជាជាតិទាំងពីរ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner