រោងចក្រសហគ្រាសចំនួន ៣កន្លែងធំៗបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ ដែលប៉ះពាល់ដល់បរិស្ថាន ខណៈក្រសួងចាប់ផ្តើមអនុវត្តច្បាប់

(ភ្នំពេញ)៖ រោងចក្រសហគ្រាសចំនួន ៣កន្លែងធំៗ នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង គឺក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញសំណល់រាវក្រោយការស ម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្ត្រីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្ននាំពាក្យក្រសួងបរិស្ថាន បានគូស​បញ្ជាក់ថា ក្រសួងបរិស្ថាន ក៏បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុល​សក្តា​នុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទ​ប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញ​សំណល់​រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។

គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការបំពាក់ឧបករណ៍នេះ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ និងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះ នឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner