សែនក្រអូប ០១ ពូជស្រូវកម្ពុជាល្បីឈ្មោះ នាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក

(ភ្នំពេញ)៖សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញ​ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។

នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់​ឆ្ងាញ់ពិសារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗមកនេះ បានលើកទឹកចិត្តប្រជា​កសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលធ្វើឱ្យពូជ​នេះអាចចេញផ្កាបានគ្រប់ពេលវេលានៅពេលដែលលក្ខខណ្ឌដាំដុះអំណោយផល។ ហេតុនេះហើយ ពូជស្រូវនេះអាចដាំដុះបានទាំងនៅដើមរដូវវស្សា ក្នុងរដូវស្សា ចុងរដូវ​វស្សា ស្រូវប្រដេញទឹក និងលក្ខខណ្ឌប្រាំងស្រោចស្រពក៏បាន។

ស្រូវប្រភេទនេះមានអាយុកាលចាប់ពីថ្ងៃសាបព្រោះដល់ថ្ងៃប្រមូលផលពី ១១០-១១៥ថ្ងៃ ហើយមានកម្ពស់ដើមពី ១០៧-១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់​ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៤០គ្រាប់ និងមានប្រវែងកួរពី ២០-៣០សង់ទីម៉ែត្រ ហើយជារួមអាចផ្ដល់​ផលពី ៣.៩-៤.៩តោនក្នុងមួយហិកតា។

ដោយឡែកបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាវិញបានឱ្យដឹងកន្លងមកថាក្នុងចំណោមប្រភេទអង្ករដែលបាននាំចេញក្រៅប្រទេស ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២​ភាគ​​រយ ប្រភេទអង្ករសធម្មតា ២៤.៣០ភាគរយ អង្ករចំហ៊ុយ ៣.១៦ភាគរយ អង្ករសរីរាង្គចំនួន ១.៧៤ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៨ភាគរយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០២៤នេះបានឱ្យ​សាធារណៈជនរង់ចាំទស្សនាវីដេអូពាក់ព័ន្ធអំពីពូជស្រូវសែនក្រអូប០១ នៅវេលាម៉ោង ៨៖០០យប់នេះ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner