រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតប្រទេសឥណ្ឌូនេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាថ្ងៃស្អែក

ភ្នំពេញ៖ ឯកឧត្តម ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតប្រទេសឥណ្ឌូនេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ។ ឯកឧត្តម ប្រាបូវូ ស៊ូប៊ៀនតូ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម ប្រាបូវូ ស៊ូប៊ៀនតូ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតប្រទេសឥណ្ឌូនេស៊ី នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។ បន្ទាប់ពីជំនួបពិភាក្សាការងារចប់ ឯកឧត្តម ប្រាបូវូ ស៊ូប៊ៀនតូ អញ្ជើញជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

បន្ទាប់ពីជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺឯកឧត្តម ប្រាបូវូ ស៊ូប៊ៀនតូ អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅវិមានព្រឹទ្ធសភា៕
ដោយ៖ពលជ័យ

ads banner