ឥណ្ឌាចាយ ១៧ពាន់លានដុល្លារទិញសព្វាវុធការពារជាតិថ្មី

ញូវដែលី៖ ប្រទេសឥណ្ឌាបានអនុម័តសំណើមួយចំនួន ដើម្បីទិញបច្ចេកវិទ្យា និងសព្វាវុធការពារជាតិ ដែលមានតម្លៃ ១៧.២ពាន់លានដុល្លារ។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ប្រទេសរបស់ខ្លួនទើបតែបានអនុម័តសំណើមួយចំនួន ដើម្បីទិញបច្ចេកវិទ្យា និងសព្វាវុធការពារជាតិ ដែលមានតម្លៃ ១៧.២ពាន់លានដុល្លារ។

ក្នុងចំណោមការទិញថ្មី ក្នុងនោះ ៩៩ភាគរយនឹងត្រូវបញ្ជាទិញពីអ្នកលក់ក្នុងស្រុក ដែលជាផ្នែកមួយនៃការជំរុញរបស់ប្រទេសឥណ្ឌា ក្នុងការអភិវឌ្ឍទីផ្សារផលិតអាវុធជនជាតិដើមភាគតិច។

ឥណ្ឌាគ្រោងនឹងទិញរថក្រោះប្រហែល ១,៧០០គ្រឿង ដើម្បីជំនួសកងរថក្រោះសេរីចាស់ T-72 ដែលផលិតនៅរុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មន Economic Times។

ដើម្បីបង្កើនសមត្ថភាពរបស់ឆ្មាំឆ្នេរសមុទ្រឥណ្ឌា ទីក្រុងញូវដែលីក៏បានអនុម័តលើការបញ្ជាទិញយន្តហោះ Dornier-228, នាវាល្បាតល្បឿនលឿនដែលមានមុខងារប្រតិបត្តិការខ្ពស់ ទោះស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ និងនាវាល្បាតនៅឈូងសមុទ្រ បំពាក់បច្ចេកវិទ្យាទំនើប និងបង្កើនប្រតិបត្តិការរយៈចម្ងាយឆ្ងាយ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយក្នុងខែមិថុនា បានអះអាងថា ឥណ្ឌាបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ ២០២៣ ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍក្បាលគ្រាប់ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅក្នុងប្រទេសចិន។

ឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា បានបង្កើនចំនួនកាំជ្រួចនុយក្លេអ៊ែរពី ១៦៤ ដល់ ១៧២គ្រាប់។ ប្រទេសចិនក៏បានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួនយ៉ាងខ្លាំងផងដែរ ពី ៤១០គ្រាប់ក្នុងខែមករា ឆ្នាំ ២០២៣ ដល់ ៥០០គ្រាប់នៅខែមករា ឆ្នាំ ២០២៤៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner