សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ប្រវែងប្រមាណ ១,៣០០គីឡូម៉ែត្រ ខណៈផ្លូវក្រវាត់ព្រំដែនមានជាង ២,៦០០គីឡូម៉ែត្រ

ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនមានប្រវែងជាង ២,៦៦០គីឡូម៉ែត្រ តែបច្ចុប្បន្ន រាជរដ្ឋាភិបាល បន្តធ្វើផ្លូវនេះបាន ១,៣០០គីឡូម៉ែត្រ នៅសល់ ១,៣០០គីឡូម៉ែត្រទៀត ខណៈកាលពីខែកក្កដា សម្តេច បានចុះហត្ថលេខាបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដោយនឹងចំណាយថវិកាជាង ២០០លានដុល្លារ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារជន ដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ ។ ថ្វីត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ តែសម្តេច ថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងបានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែជាកាយវិការព្រួយបារម្ភ ប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស ។

សម្តេចធិបតី បានប្រកាសចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេស ផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនដាច់ស្រយាល។

សម្ដេច បញ្ជាក់ថា ការអភិវឌ្ឍតំបន់ព្រំដែន ជាពិសេសខេត្តទាំង៤ តាមរយៈការជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ប្រជាជនខ្មែរងាយនឹងនិយាយណាស់ថា «មានផ្លូវមានសង្ឃឹម» បើសិនជាយើងគ្មានផ្លូវនៅតាមព្រំដែន ប្រជាពលរដ្ឋ ប៉ូលីស ទាហាន នឹងមានការលំបាកខ្លាំងជាក់ជាមិនខាន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកកាលពីសម្តេចនៅកងទ័ពជើងគោក ថា កងទ័ព ពិតជាលំបាកណាស់ ក្នុងការដើរល្បាតនៅតាមព្រំដែន យើងមិនអាចឱ្យកងទ័ពដើរល្បាតព្រំដែនរហូតនោះទេ តែយើងត្រូវប្រើប្រជាពលរដ្ឋធ្វើជារបងព្រំដែន ទើបមានចីរភាព សហប្រតិបត្តិការ ហើយនៅយូរអង្វែង បើប្រជាជនទៅរស់នៅទីនោះ ពួកគាត់នឹងដឹងថា ជាដីរបស់ពួកគាត់ ដែលបានបោះបង្គោលព្រំដែនហើយ ។

សម្តេច បន្ថែមថា ការចរចាបោះបង្គោលព្រំដែន គឺដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយឈ្លោះគ្នាជាមួយប្រទេសជិតខាង និងជាការការពារព្រំដែន កសាងព្រំដែន ដើម្បីអភិវឌ្ឍតំបន់នោះជូនប្រជាពលរដ្ឋ ។

សូមរំលឹកថា ការកសាងខ្សែក្រវាត់តាមបណ្តោយព្រំដែនរវាងកម្ពុជា វៀតណាម គិតរវាងពីឆ្នាំ២០១៧ មកដល់២០២២ គឺមានការកសាងផ្លូវប្រវែង ៦៨៥.៩៦គីឡូម៉ែត្រ លើផែនការសរុប ១,០៦៩គីឡូម៉ែត្រ ខណៈការកសាងផ្លូវតាមព្រំដែនជាប់នឹងថៃ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ បានប្រវែង ៤៥៥.៥គីឡូម៉ែត្រ លើផែនការសារុប៥០៩គីឡូម៉ែត្រ និងការកសាងផ្លូវតាមខ្សែព្រំដែនកម្ពុជា ជាប់នឹងប្រទេសឡាវរវាងពីឆ្នាំ២០១៥ ដល់២០២២ បានប្រវែង ១៧៩.២គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ ។

សូមជម្រាបដែរថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចបានផ្តល់គោលការណ៍ឯកភាព លើបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានមួយ លើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាដែនគមនាគមន៍ តាមតំបន់ព្រំដែនកម្ពុជា ជាប់ប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) នៅលើដី ដែលបានឯកភាពគ្នារួចមកហើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner