ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្ត​គាំទ្រ​រហូតបញ្ចប់ដំណើរទស្សនិច្ច ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាខេត្ត​នៅទិសឦសានជូនប្រជាពលរដ្ឋ

(ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឧបត្ថម្ភការរៀបចំដំណើរ​ទស្សនកិច្ច​ទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈ​បាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរ​ទស្សនិច្ច។ ពិធីប្រគល់ទទួលនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តី​ការ​ក្រសួងព័ត៌មានក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនិងដោយមានការចូលរួមពីអ្នកឱកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនភេសជ្ជៈបាកាស។

នេះជាការចូលរួមរបស់ក្រុមហ៊ុនភេសជ្ជៈបាកាសក្នុងការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ​និងថ្ងៃបន្តបន្ទាប់ទៀត។  អ្នកឧកញ៉ា សុខ សំណាង បានបញ្ជាក់ថា ជាជំហានដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនភេសជ្ជៈចំនួន ៥០០ កេស ហើយនឹងបន្តគាំទ្រផ្តល់ជូនបន្ថែមទៀត​រហូត​ដល់បញ្ចប់កម្មវិធីដំណើរទស្សនកិច្ចនៅចុងឆ្នាំ២០២៤ ដែលរៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនបាកាសដែលបានចូលរួមគាំទ្រជាភេសជ្ជៈដល់អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ច​មួយ​ដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជនបានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និង​ខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារ​អធិតេយ្យ​ជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែល​ព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទិសឦសាន នេះនឹងធ្វើ​ឱ្យ​បងប្អូនប្រជាពលរដ្ឋបានយល់ដឹង ឃើញច្បាស់បន្ថែមទៀតអំពីកិច្ចការងារដែល​រាជ​រដ្ឋាភិបាលបានធ្វើនៅកិច្ចការពារក្រវាត់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវតាមក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែនជាមួយបណ្តាប្រទេសជិតខាង រួមទាំង​ការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាបូរណភាព​ទឹកដី​បានគង់វង្ស ដោយមិនឱ្យបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner