នាយករដ្ឋមន្ត្រី ៖ កម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើ​ថវិការដ្ឋ និងមិនពាក់ព័ន្ធថវិកាមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធក្រវាត់​ព្រំដែននោះឡើយ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនាំប្រជាពលរដ្ឋទៅ​លេង​កម្សាន្តនៅខេត្តជាប់ព្រំដែន ភូមិភាគឦសាន ពោលគឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មិនបានចំណាយថវិកាជាតិ និងមិនពាក់ព័ន្ធថវិកាមូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ ។ ថវិកានេះ ជាថវិកាផ្ទាល់​ដោយឡែក​របស់សម្តេច និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនមួយចំនួនទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ គឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ ចំពោះរឿងនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំរួចរាល់ហើយ ដោយចេញដំណើរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល ។

សម្តេចធិបតី បានថ្លែងបន្ថែមថា សម្រាប់ដំណើរទស្សនាកម្សាន្តនេះ បានធ្វើឡើងនៅចុងសប្តាហ៍ ក្នុងមួយដំណើរទស្សនកិច្ចកម្សាន្ត មានចំនួន ២០០នាក់ ប្រើប្រាស់រថយន្តក្រុងចំនួន១៤ ។ ដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តភូមិភាគឦសាននេះ គឺមានជម្រើសវិលល្ងាច និង១យប់ តាមស្ថានភាពជាក់ស្តែង ។

សម្ដេចថា ការចុះឈ្មោះក្តី ការធ្វើដំណើរ ហូបចុកក្តី ស្នាក់នៅក្តី គឺអត់តម្រូវឱ្យបង់ថ្លៃទាំងអស់ សូមប្រយ័ត្ន ព្រោះខ្លាចមានអ្នកឆ្លៀត ខណៈថវិកា គឺមិនយកថវិការបស់រដ្ឋនោះទេ ទីពីរក៏អត់ប៉ះពាល់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ។ ថវិកានេះ សម្ដេច និងគ្រួសារ បូកជាមួយសប្បុរសជនជាច្រើនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយឧបត្ថម្ភអាហារហូបចុក ការបញ្ចុះតម្លៃកន្លែងស្នាក់នៅ ផ្តល់ការស្នាក់នៅមិនគិតថ្លៃនៅចុងសប្តាហ៍សម្រាប់អ្នកចូលរួមធ្វើដំណើរទស្សនកិច្ចជាដើម ។

សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់តាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺឯកឧត្តម នេត្រ ភក្ត្រា ជាអ្នកទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែន ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ ការរៀបចំដំណើរកម្សាន្តនេះ មានបំណងលុបបំបាត់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner