នាយករដ្ឋមន្ត្រី ផ្តល់ទស្សនៈ និងអនុសាសន៍មួយចំនួន ដល់មេធាវីនៅកម្ពុជា ដើម្បីរួម​ចំណែកលើកកម្ពស់និតិរដ្ឋ ការពង្រឹងគោរពច្បាប់ និងយុត្តិធម៌សង្គម

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវី​សរុប ១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ទស្សនៈ និង អនុសាសន៍​ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់និតិរដ្ឋ លើកកម្ពស់​គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងការពង្រឹងគោរពច្បាប់ ខណៈបច្ចុប្បន្ន​នេះ មេធាវីដែលជាសមាជិករបស់គណៈមេធាវី មានជិត៣ពាន់នាក់ ។ ទស្សនៈ និងអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖

១. ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវីគណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពមេធាវី ទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

២. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

៣. គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។

៤. សម្តេចធិបតី សូមលើកទឹកចិត្តដល់ក្រសួងយុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បីពិនិត្យការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និងរបៀបនៃការបោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម។

៥. មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។

៦. ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនិតិរដ្ឋ និងការអនុវត្តច្បាប់ មេធាវីគ្រប់រូប ត្រូវគោរពច្បាប់ និង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន, ព្រមទាំងត្រូវចៀសឱ្យខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រទម ឬ អំពើល្មើសច្បាប់ណាមួយ។ ក្នុងន័យនេះ ក្នុងករណីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និង អសីលធម៌ណាមួយ, គណៈមេធាវី ត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាមនីតិវិធីជាធរមាន។

៧. សម្តេចធិបតី លើកទឹកចិត្តដល់មេធាវីនៃគណៈមេធាវី បន្តរួមចំណែកឱ្យបានកាន់តែច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល ដល់សកម្មភាពសង្គម និងការលើកស្ទួយ និងពង្រឹង នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

៨. លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួន យុត្តិធម៌ តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ។

៩. សម្តេចនាយករដ្ឋមន្ត្រី សុំណែនាំដល់អង្គភាពនគរបាលយុត្តិធម៌ សុំសហការជួយសម្រួលដល់មេធាវីដែលបានអនុវត្តវិជ្ជាជីវៈ ក្នុងការអមកូនក្តីនៅក្នុងដំណាក់កាលស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner