ហេតុអ្វីបានជាត្មាតក្បាលត្រងោល តើត្រងោលពីធម្មជាតិឬយ៉ាងណា?

(ភ្នំពេញ)អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិ​ដ៏អស្ចារ្យ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាត្មាតក្បាលត្រងោល?

ទីភ្នាក់ងារជំនួយអាមេរិក USAIDបានលើកឡើងពីជីវិតសត្វត្មាត ដោយបាននិយាយ​ពីក្បាលត្រងោលរបស់ពួកវា។តាមពិតការគ្មានរោមក្បាលនេះពុំមែនជាជម្រើស​ម៉ូត​សក់របស់វានោះទេ ប៉ុន្តែវាគឺជាអំណោយផលពីធម្មជាតិសម្រាប់ការរស់នៅ​របស់​ពួកវាប៉ុណ្ណោះ។

តាមពិតវាក៏ជាអំណោយផលល្អ ដែលនៅពេលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាល​ចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជាជម្រើសដ៏ល្អក្នុងការជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា ។ ការមានរោមលើក្បាលអាចនាំឱ្យ​មានភាព​កខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យ​របស់ពួកវាបានល្អប្រសើរ។

លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅ​ក្បាលរបស់ពួកវាឲ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ។ នេះជាការរចនា​ដ៏ឆ្លាតវៃពីធម្មជាតិ។

ក្រៅពីនេះសត្វត្មាត ទាំងបីប្រភេទរបស់ខ្មែរតែងតែលាតត្រដាងស្លាបយ៉ាងធំ ដើម្បីហាល​កំដៅថ្ងៃ។សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សា​ភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ។

សត្វត្មាតត្រូវបានគេចាត់ប្រដូចទៅនឹង វីរជននៅក្នុងព្រៃដែលមិនសូវត្រូវ​បានគេដឹង​ឡើយ ហើយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតបរិស្ថាន ដូចយើងមានអ្នក​ជួយសម្អាតទីក្រុងរបស់យើងយ៉ាងដូច្នោះដែរ។វាជួយស៊ីសាច់សត្វស្អុយរលួយក្នុងព្រៃ​ដែលមិនមាននរណាអាចដឹងឬសម្អាតបាន។

សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទី​ជាអ្នក​សម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។

គួរបញ្ជាក់ថាក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយ​របាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួនកាលពីថ្ងៃម្សិលម៉ិញ(ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៤)ឱ្យដឹងថា៖តាមរយៈការ ផ្តួចផ្តើម ផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បី​កាត់បន្ថយការខ្វះខាតចំណីអាហារ។ តាមរយៈការផ្តល់ចំណីបន្ថែមនេះ យើងបាន​ធ្វើការតាមដានចំនួនសត្វត្មាត តាមរយៈការធ្វើជំរឿនកម្រិតជាតិ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាល​នៃចំនួនសត្វត្មាត​សរុប​ទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញា​បញ្ចាក់ពីនិន្នាការមានស្ថេរភាព​នៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។

របាយការណ៍នេះក៏បានឱ្យដឹងដែរថាក្នុងឆ្នាំ២០២៣គេបានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួល​បានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមាន​កូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យ​ខ្ពស់បំផុត​ក្នុង​កំណត់ត្រា។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករឱ្យសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុល​ចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័ស​ដើម្បីលុបបំបាត់​ការសាយភាពសារធាតុបំពុល។សូមបញ្ចាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមាន​ប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញ​សត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារ​ធម្មជាតិរបស់​កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាត​ជិតផុតពូជរបស់យើង។

សូមរំលឹកថាប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាត៣ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និង​ត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្ក​ដោយមនុស្ស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner