ស្រូវសែនក្រអូប ជាពូជស្រូវស្រាលដាំដុះបានចាប់ពី២ ទៅ ៣ដងក្នុងមួយឆ្នាំ បាយឆ្ងាញ់និងមានតម្រូវការខ្ពស់ទាំងប្រទេសអឺរ៉ុប ចិន

ភ្នំពេញ៖ ពូជសែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរយើង ពេលនេះក្រសួងកំពុងធ្វើការ​ជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករដាំដុះពូជស្រូវប្រភេទនេះ។ពូជសែនក្រអូប០១ជា​ពូជស្រូវស្រាល មិនប្រកាន់រដូវ អាចដាំដុះបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។

តាមរយៈឃ្លីបវីដេអូ មានរយៈពេលប្រមាណជាង៣នាទីដែលបញ្ចេញដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីយប់ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤បានឱ្យ​ដឹងថាពូជសែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរយើងដែលបានបញ្ចេញ​ដោយវិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហើយត្រូវបានគណៈកម្មាធិការបញ្ចេញប្រភេទ​ពូជដំណាំនាំចេញផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០។

ទាក់ទិនក្នុងរឿងនេះ លោក គង់គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋាន​កសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កម្ពុជាបាននាំចេញ​ក្រៅ​ប្រទេសមានប្រភេទស្រូវ ផ្ការំដួល ជាប្រភេទអង្ករលេខ១ ប៉ុន្តែប្រភេទស្រូវផ្ការំដួល​អាច​ដាំដុះ​បានតែមួយដង ហេតុនេះហើយទើបក្រសួងកសិកម្មឱ្យស្រាវជ្រាវរកពូជ​ស្រូវ​ណាដែលក្រអូបដែរ តែដាំដុះមានរយៈពេលខ្លី និងពិសេសអាចដាំដុះបានទាំងរដូវប្រាំង និងរដូវវស្សា។

ក្រៅពីនេះត្រូវតែជាអង្ករដែលមានរស់ជាតិឆ្ងាញ់ ដូច្នេះហើយទើបពូជសែនក្រអូប ត្រូវ​បាន​ស្រាវជ្រាវនិងអភិវឌ្ឍន៍។ចុងក្រោយនេះយើងបានវាយតម្លៃទាំងនៅស្ថានីយ និង​ទីវាលដែលមានការចូលរួមពីកសិករឃើញថាពូជសែនក្រអូប០១ បានទទួលការគាំ​ទ្រច្រើន ជាពិសេសខាងសហព័ន្ធស្រូវអង្ករ យល់ឃើញថាពូជសែនក្រអូប០១ ជាស្រូវ​ដែល​មានអង្ករលក្ខណៈល្អ ក្រអូប និងបាយឆ្ងាញ់។

លោកបានបញ្ជាក់ប្រាប់ដែរថា”តាមរយៈនេះហើយទើបក្រសួងកសិកម្មសម្រេចបញ្ចេញពូជនេះសម្រាប់កសិករដាំដុះ។ស្រូវពូជសែនក្រអូប០១ អង្ករស្រឡូន ថ្លាល្អ មានលក្ខណៈ​រលើប ហើយគ្រាប់ វែងៗជាពិសេសមានក្លិនប្រហើរ បើយើងដាំបាយគឺមានក្លិនប្រហើរ​តែម្តង។​ជាអង្ករបាយមិនទន់ពេក មិនរឹងពេក ដែលជាលក្ខណៈមួយល្អសម្រាប់ទីផ្សារ”។

លោកថាប្រាប់បន្ថែមថា”ពូជសែនក្រអូប០១ នេះនៅពេលយើងប្រើពូជសុទ្ធគឺស្រូវដុះមក​មានលក្ខណៈល្អទាំងព្រម ដោយក្នុងនេះបើទុំគឺទុំស្រុសគ្នាតែម្តង ឯទិន្នផលក៏មិនទាបដែរ​គឺ ៤តោនកន្លះទៅ៥តោន ក្នុងមួយហិកតាឬតំបន់ខ្លះលើសពីនេះថែមទៀត”។

មន្រ្តីក្រសួងកសិកម្មរូបនេះបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់ពូជសែនក្រអូប០១នេះមានទីផ្សារល្អទាំងនៅទីផ្សារអឺរ៉ុប ប្រទេសចិន ។ចុងឆ្នាំ២០២៣កន្លងមក ប្រទេសចិនបាន​ប្រកួតអង្ករនោះគឺអង្ករ ពូជសែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរយើងបានជាប់លេខ១ ជាអង្ករដែលបាយឆ្ងាញ់។

លោកថា”អ្វីដែលចេញពីប្រទេសកម្ពុជារបស់យើងគឺជាមោឌនភាពមែនទែន។ ជាមួយគ្នា​នេះ​ក្រសួងក៏បានអំពាវនាវដល់ប្រជាកសិករ ត្រូវតែដាំដុះពូជស្រូវខ្មែរយើង​កុំពឹង​ទៅលើ​ពូជគេ ដោយនៅពេលគេមិនទិញតម្លៃធ្លាក់ចុះ នេះហើយជាបញ្ហារបស់យើង”។

លោក គង់គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួង កសិម្មរុក្ខាប្រមាញ់ និងនេសាទបានរំលឹកដោយបញ្ជាក់បន្ថែមថា”សម្រាប់សែនក្រអូប០១ ជាពូជស្រូវរបស់ខ្មែរ យើងមានទីផ្សារស្រាប់ទាំងនៅប្រទេសចិន និងទីផ្សារអឺរ៉ុប។យើងមានអង្ករល្អ ល្បីឈ្មោះ ហេតុនេះបើយើងមិនជួយគ្នាដាំដុះទេគេមិនស្គាល់អង្ករខ្មែរ យើងទូលំទូលាយទេ។ជាមួយគ្នាក្រសួងកសិកម្មបានអំពាវនាវដល់ភោជនីយដ្ឋានធំៗ អាហារដ្ឋានផ្សេងៗជួយប្រើប្រាស់អង្ករខ្មែររបស់យើង ហើយជួយផ្សព្វផ្សាយដែលនៅ​ពេលនោះហើយអង្ករ យើងនឹងល្បីល្បាញមានទីផ្សារល្អ។យើងជួយប្រើប្រាស់អង្ករខ្មែរ​យើងក៏មានន័យថាយើងជួយដល់កសិករយើងដែរ”។

គួរបញ្ជាក់ថា លោក ជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤បានថ្លែងប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា៖ពេលនេះក្រសួងបានជំរុញដល់រោងម៉ាស៊ីកិនស្រូវ និងក្រុមហ៊ុននានា ឱ្យប្តេជ្ញាចិត្តរួមគ្នាមួយក្នុងការនាំអង្ករក្រអូបទៅកាន់ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិដោយឱ្យតម្លៃទិញពីកសិករក្នុងតម្លៃមួយខ្ពស់ជាងអង្ករដទៃទៀត ដែលប្រទេសជិតខាងទទួលទិញដូចជា អ៊ីអ៊ា និងអូអិមជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner