ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាការរក្សារស្ថេរភាពថ្លៃ ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិ-ឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ ដោយធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដើមទុន បច្ចេកទេស ស្ថេរភាពនៃការផ្គត់ផ្គង់ និងទីផ្សារជាដើមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម ជួយជីវភាពឱ្យប្រសើរឡើង ពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អ ធ្វើតាមបច្ចេកទេសនិងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអ្នកអនុវត្តគម្រោងគិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋ ទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រម ទាំង ដៃគូនានា ដែលកំពុងបន្តជួយគាំទ្រប្រជាកសិករ។ និងថា ការបើកគម្រោង EU-CAPSAFE គឺជាការបើកទំព័រនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រវាងកម្ពុជា និង សហ ភាពអឺរ៉ុប៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner