គិតត្រឹមខែសីហា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ទីតាំងនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡា​ជាតិ​សន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីក​ស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេស​សម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។

ឯកឧត្តម គូសបញ្ជាក់បន្តថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្រប​តាម​អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា របស់រដ្ឋ ធ្វើយ៉ាងណាសេវាសាធារណៈ​មួយនេះ​ទៅកាន់តែជិតដល់មូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយ​ស្រួលដល់ពលរដ្ឋចុះជាសមាជិកឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមផងដែរថា ស្នាក់ការកណ្តាល និងសាខា ប.ស.ស. នៃក្រសួងការងារទាំងអស់នៅទូទាំងប្រទេសបានប្រតិបត្តិការងារ និងបម្រើសេវាកម្ម​ផ្តល់ជូនដល់សាធារណជនជារៀងរាល់ថ្ងៃ ចាប់ពីចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១៧៖៣០នាទី លើកលែងស្នាក់ការកណ្តាលដែលបម្រើសេវា​កម្មផ្តល់​ចាប់​ពីម៉ោង ៧៖០០នាទីដល់ម៉ោង ២២៖ ០០នាទី រួមមានការចុះបញ្ជី​សហ​គ្រាស និងសមាជិក ការទទួលបង់ភាគទាន ការទទួលសំណើសុំទូទាត់តាវកាលិក និងថ្លៃសេវាព្យាបាល និងការទទួលដោះស្រាយពាក្យបណ្តឹងផ្សេងៗ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា បេឡាជាតិសន្តិសុខសង្គម ក៏មានបម្រើ​សេវាអតិថិជន​ពេញ ២៤ម៉ោង/ថ្ងៃ និង ៧ថ្ងៃ/សប្តាហ៍ តាមរយៈបណ្តាញទូរសព្ទឥតគិតថ្លៃ ១២៨៦ និង១២៩៧ សម្រាប់ទទួលហៅចូលដើម្បីសាកសួរព័ត៌មានអំពីរបបសន្តិសុខសង្គម ការឆ្លើយតបនូវសំណួរសាធារណជន រួមទាំងបណ្តឹងតវ៉ាផ្សេងៗផងដែរ។ បេឡា​ជាតិ​សន្តិសុខសង្គម ក៏មានបណ្តាញសង្គមដូចជា គេហទំព័រ ហ្វេសប៊ុក តេឡេក្រាម តិកតុក និងយូធូបផងដែរ សម្រាប់ផ្សព្វផ្សាយអំពីប្រតិបត្តិការនៃការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពរបស់ ប.ស.ស.។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងការងារក៏បានបើកដំណើរការ សាខាបេឡាជាតិ​សន្តិសុខសង្គម ថ្មីមួយទៀតកាលពីដើមខែ សីហា ឆ្នាំ២០២៤ កន្លងទៅ ដែលមានទីតាំង​នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ហើយសាខាថ្មីមួយនេះកំពុងដំណើរការ​របស់​ខ្លួន​ក្នុងការផ្តល់សេវាសាធារ​ណៈជូនពលរដ្ឋយ៉ាងសកម្ម និងទទួលបានលទ្ធផលជាទី​គាប់​ប្រសើរផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះបេឡាជាតិ​សន្តិសុខសង្គម(ប.ស.ស.) មានសមាជិកកំពុងមានសិទ្ធិទទួលបានរបបសន្តិសុខសង្គម​សរុបចំនួនជាង ២,៤៧ លាននាក់។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់សូមធ្វើការចុះ​ឈ្មោះ​ដើម្បីក្លាយជាសមាជិករបស់ ប.ស.ស. ឱ្យ បានគ្រប់ៗគ្នា ដើម្បីទទួលបានសេវា​ថែទាំសុខភាពដោយឥតគិតថ្លៃ និងដើម្បីកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាព​របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner