ប្រទេសប៉េរូរឹបអូសកង្កែបរាប់រយក្បាលដែលប្រើជាថ្នាំសម្រើប

បរទេស៖ អាជ្ញាធរប៉េរូបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានរឹបអូសកង្កែប ជិតផុតពូជរាប់រយក្បាល ដែលគេយកចេញពីបឹងTiticaca ហើយអាជ្ញាធរចោទថា កង្កែបប្រភេទនេះ ត្រូវបានជួញដូរខុសច្បាប់ ហើយយកទៅប្រើប្រាស់ សម្រាប់ផលិតជាថ្នាំសម្រើប។

សេវាកម្មព្រៃឈើ និងសត្វព្រៃជាតិ បាននិយាយថា កង្កែបដែលរឹបអូសបាន មានចំនួន ៣៩០ក្បាល នៅក្នុងប្រអប់ក្រដាសកាតុងធ្វើជាកេស នៅក្នុងឡានដឹកទំនិញ ក្នុងតំបន់ Puno នៅលើច្រាំងនៃបឹងដែលស្ថិតជាប់ព្រំដែន ជាមួយប្រទេសបូលីវី។

អាជ្ញាធរបានអះអាងថា មានការប៉នប៉ុងដឹកជញ្ជូន កង្កែបទាំងនេះ ទៅកាន់រដ្ឋធានី Lima ជាកន្លែងដែលកង្កែបត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ធ្វើជាឱសថបុរាណ ក៏ដូចជា នៅក្នុងចានអាហារ ដែលត្រូវបានសម្គាល់ថា ជាការជំរុញចំណង់ផ្លូវភេទរបស់អតិថិជន ដែលទទួលទាន។ គ្រូបុរាណខ្លះ យកកង្កែបទាំងនេះ ទៅចម្រាញ់ធ្វើជាភេសជ្ជៈ ដែលពួកគេហៅថា «Viagra of the Incas»។

កង្កែបនៅបឹង Titicaca ដែលគេហៅថា Telmatobius coleus គឺជាប្រភេទកង្កែបដ៏ធំបំផុតមួយក្នុងពិភពលោក មានដើមកំណើត នៅប្រទេសប៉េរូ និងផ្នែកខ្លះនៃប្រទេសបូលីវី។

ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ចំនួនកង្កែប ដែលស្ថិតក្នុងបញ្ជីប្រភេទសត្វជិតផុតពូជទាំងនេះ បានធ្លាក់ចុះប្រមាណ ៨០ភាគរយ ដោយសារតែការជួញដូរ, ការប្រែប្រួលអាកាសធាតុ និងការបំពុល។

សូមបញ្ជាក់ថា នៅក្នុងប្រទេសប៉េរូ ការជួញដូរសត្វព្រៃគឺជាឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោស ហើយការផាកពិន័យមានដល់ជាង១៤៥០០ដុល្លារ ដែលលើសពី៥០ដងនៃប្រាក់ឈ្នួលអប្បបរមា ប្រចាំខែ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner