ឯកឧត្តម ឌិត ទីណា ៖ ការងារស្រូវ-អង្ក រគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សារកដំណោះស្រាយមានរយៈពេលវែង ទទួលយកបានទាំងអស់គ្នា និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ។

អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន៖ ផ្នែកផលិតកម្មនិងការដាំដុះ ,ផ្នែកផលិតកម្ម-ការកិនកែច្នៃ, ផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។ សហគមន៍អ្នកផលិត តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និងសំណើរបស់ភាគីឯកជន មុននឹងឯកឧត្តមរដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។

ចំពោះសំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ភាគីឯកជន លើកយកទៅប្រជុំពិភាក្សាជាមួយក្រុមការងារទទួលបន្ទុក ដើម្បីទទួលបានដំណោះ​ស្រាយដែលមានលក្ខណៈប្រាកដនិយម អាចអនុវត្តបាន និងទទួលបានផលចំណេញ​ទាំងអស់គ្នា រាប់ចាប់តាំងពីអ្នកផលិតពូជស្រូវសុទ្ធ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករជាដើម ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner