អត្តពលិកវាយកូនឃ្លីលើតុនឹងបង្ហាញវត្តមានក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOSជាលើកដំបូង

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៦រូបចូលរួមក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOS ជាលើកដំបូង ដើម្បីទទួលយកបទពិសោធន៍ពីការប្រកួតកម្រិតពិភពលោក។
នេះបើយោងតាមការបញ្ជាក់ របស់ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះ នៅសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានថ្លែងលើកឡើងទៀតថា ការប្រកួតនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។ លោកថា សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ជាលើកដំបូង ហើយការចូលរួមលើកទី១នេះ សហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមសរុបចំនួន៦រូប មានដូចជា លោក ហ្គូវ អ៊ិចអៀវ គ្រូបង្វឹកធំ .លោក ចាន់ គីមហេនរី គ្រូជំនួយ .កីឡាការិនី ចាន់ មីសែលអានីតា.កីឡាការិនី ហ្គូវ សុគន្ធធិតា. កីឡាករ កេង កិត្តិគុណ និងកីឡាករ ហ្គូវ បញ្ញាសម្បត្តិ។
អគ្គលេខាធិការរង ខាងលើ បានគូសបញ្ជាក់ទៀតថា ការបញ្ជូនអត្តពលិកទៅចូលរួមនៅក្នុងការប្រកួតកម្រិតពភពលោកនេះ គឺសហព័ន្ធចង់ឱ្យកីឡាករកីឡាការិនីជម្រើសជាតិ ក៏ដូចជាគ្រូបង្វឹក បានដកស្រង់បទពិសោធន៍ និងបច្ចេកទេស ពិសេស គឺការរៀបចំកម្រិតពិភពលោក ដើម្បីនាំយកបទពិសោធន៍ល្អៗត្រឡប់មកកម្ពុជា ។ ដោយឡែកសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិវិញ គឺចង់ឱ្យពួកគេ បានប្រកួតប្រជែងជាមួយកីឡាករល្អៗលំដាប់ពិភពលោក ដើម្បីពង្រឹងភាពក្លាហាន និងបន្ថែមចំណេះជំនាញមកអភិវឌ្ឍន៍សមត្ថភាព បំពេញសក្កានុពល ក្លាយជាកីឡាករកីឡាការិនីឆ្នើម ត្រៀមប្រកួតដណ្តើមមេដាយជូនកម្ពុជា សម្រាប់ព្រឹត្តិការណ៍អន្តរជាតិដូចជាស៊ីហ្គេមជាដើម។
លោក ហេង សុជាតិ បានបន្ថែមទៀតថា សម្រាប់ការចូលរួមនៅក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក WTT YOUTH CONTENDER VIENTIANE LAOS ដែលកម្ពុជាចូលរួមជាលើកដំបូងនេះ សហព័ន្ធក៏កំពុងបង្ហឹកនិងបង្ហាត់កីឡាករកីឡាការិនីជម្រើសជាតិជារៀងរាល់ថ្ងៃ ដើម្បីឱ្យកីឡាករកីឡាការិនីយើងមានសមត្ថភាពគ្រប់គ្រាន់ចូលរួមប្រជែងដោយមានទំនុកចិត្តខ្ពស់សម្រាប់ការប្រជែងដណ្តើមមេដាយ ។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍វាយកូនឃ្លីលើតុកម្រិតពិភពលោក WTT YOUTH CONTENDER VIENTIANE LAOSដែលប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសជាច្រើនចូលរួមក្នុងនោះមានតំបន់អាស៊ាន អាស៊ី និងតំបន់អឺរ៉ុប ដោយប្រកួតចាប់ពីថ្ងៃទី១៨ និងបញ្ចប់នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ ៕

រូបភាព ៖ ជីម ភារ៉ា អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner