អ្នកជំនាញអាជ្ញាធរជាតិអប្សរា បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង
ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។
ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានស្រង់សម្ដីតលោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែងមកបញ្ជាក់ថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។
លោក ជីវ ភារម្យ បន្តថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។ ជាមួយគ្នានោះដែរ ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន៨០ភាគរយ។
សូមជម្រាបថា ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកម្ពស់ ៦៥ម៉ែត្រ៕
ដោយ៖ដេប៉ូ