ក្រសួងទេសចរណ៍៖មួយសប្ដាហ៍កន្លងទៅមានទេសចរជាតិនិងអន្តរជាតិជាង៣២ម៉ឺននាក់ធ្វើដំណើរកម្សាន្ត
ភ្នំពេញ៖ក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះកម្ពុជាមានទេសចរធ្វើដំណើរកម្សាន្តជាង៣២ម៉ឺននាក់ ក្នុងនេះទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និងទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់ ។នេះបើយោងតាមក្រសួងទេសចរណ៍បញ្ជាក់។
ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសចំនួន ១០ ៩៥៦បណ្ណ និងទទួលបានចំណូលសរុប ៥០៥ ៧០២ដុល្លារអាមេរិក។
ដោយឡែកចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៥០ ជើងហោះហើរ ក្នុងនោះ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០០ ជើងហោះហើរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១០ ជើងហោះហើរ។
ថ្មីៗនេះដែរកម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ៕
ដោយ៖ចាន់វិចិត្រ