ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាម លើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាសសិក្សារៀនសូត្រ ក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជនថា “វិមាននេះ ជាវិមានដែលបានសាងក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សា សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ ។

នៅក្នុងបទឧទ្ទេសនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រូវបានបែងចែកជា ២ចំណុច៖ ទី១.ឯកឧត្តម បានបង្ហាញប្រវត្តិ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងសមិទ្ធផលការងារស្នូលសំខាន់ៗ

រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យ មន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយកបរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពជោគជ័យនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងលិខិបទដ្ឋានគតិយុត្តិដែលបានរៀបចំដាក់ចេញ និងតាមរយៈកម្មវិធីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានឆ្លុះបញ្ចាំងពីឆន្ទះ ចក្ខុវិស័យ និងការលះបង់របស់មន្ត្រី នៅមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានបង្ហាញឱ្យប្រជាជន ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានរម្លឹកប្រសាសន៍របស់សម្តេចតេជោ ថា៖ ភាពជឿជាក់ និងជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវកសាងជាប់ជាប្រចាំ និងមានរយៈពេលយូ។ ភាពតិចតួចរបស់ប្រជាជននៅក្នុងកម្រិតមូលដ្ឋាន គឺជាកត្តាកំណត់ដែលគណបក្សប្រជាជន អាចកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយ និងសង្គមជាតិជារៀងរហូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសិក្សាបន្ថែមពីការដឹកនាំរបស់ថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner