កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កាណាត់ ទូមីសហ្ស ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានប្តេជ្ញាលើក កម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នា ទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រវាងប្រទេសទាំងពីរ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែង នូវការអបអរសាទរឯកឧត្តម កាណាត់ ទូមីសហ្ស ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ។
ភាគីទាំងពីរ បានពិនិត្យការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។
ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ពាក់ព័ន្ធនឹងការចាប់ផ្តើមពិភាក្សាគ្នាទ្បើងវិញ លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការដ៏សំខាន់មួយ សម្រាប់ការពិភាក្សាគ្នា រិះរកមធ្យោបាយ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត រវាងប្រទេសទាំងពីរ ៕
ដោយ ៖ សួង ពិសិដ្ឋ