ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run បន្ថែមគោលបំណងថ្មីមួយទៀត ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ដែលគ្រោងនឹងធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០២៤ ធ្វើដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំងរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានរៀបចំឱ្យមានការកើនឡើងឱ្យបានច្រើនដង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនសុខភាពរបស់ខ្លួនឱ្យបានល្អ។ «គោលដៅនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤នេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចឆ្ពោះទៅចក្ខុវិស័យរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍នេះបានកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA ដែលជួយជំរុញដល់ការលើកកម្ពស់ការយល់ដឹង និងជួយកាត់បន្ថយជំងឺមហារីកសុដន់របស់ស្ត្រី ហើយរយៈព្រឹត្តិការណ៍រត់ប្រណាំងនេះ យើងមានបេសកកម្មរួមគ្នា ក្នុងការស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យដៃគូ ដែលមានជំនាញពិនិត្យ និងព្យាបាលជំងឺមហារីកសុដន់។

ជារួម ឯកឧត្តមពន្យល់ថា ការរត់នេះមិនត្រឹមតែផ្តល់លើសុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំផង។ ដូច្នេះឯកឧត្តមសូមអំពាវនាវដល់មហាជនចូលរួមចុះឈ្មោះឱ្យបានច្រើន និងទាន់ពេលវេលា និងសូមចូលរួមរត់នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅសួនច្បារមុខវត្តបទុមវតីឱ្យបានច្រើនកុះករ ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ និង ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner