លោក កើត ឆែ ៖ ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើន​ការងារថែទាំសុខភាព​បឋម » ជូនបុគ្គលិក-មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌ និងសង្កាត់នា ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំ​ពេញ លោក កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការថែទាំសុខភាពបឋមគឺជាការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជម្ងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ ។

លោក បន្តថា ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពេញមួយជីវិត ដែល រួមមាន ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង។

លោក បន្ថែមថា៖ ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ, កាលពី​ខែមេសា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស) ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner