រដ្ឋាភិបាលជប៉ុន​ផ្តល់ថវិកា ៥៥ លានដុល្លារសម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែ​បញ្ជូន និង​ចែកចាយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤​នៅទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានការ​ចុះហត្ថលេខា​លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េនឬប្រមាណ ៥៥ លានដុល្លារអាមេរិក សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២។

ពិធីចុះហត្ថលេខាធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសបានឱ្យដឹងថា ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសជប៉ុន ដើម្បី​ជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ការផ្តល់​​ឥណទានសម្បទាននេះ ក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» រវាងប្រទេសទាំងពីរផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភាក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានបន្តគាំទ្រ និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
ដោយ៖ពលជ័យ

ads banner