ជប៉ុនផលិតរថភ្លើងល្បឿនលឿនជិះដល់ក្រៅភព

ប្រទេសជប៉ុនដែលល្បីឈ្មោះលើការផលិតរថភ្លើងលើពិភពលោក គ្រោងនឹងបង្កើតឲ្យមានសេវាកម្មជិះរថភ្លើងល្បឿនលឿន ឬ Bullet Train ទៅកាន់ឋានព្រះច័ន្ទ និងភពព្រះអង្គារ ស្របពេលដែលអ្នកស្រាវជ្រាវកំពុងរុករកន្លែងរស់នៅសម្រាប់មនុស្ស នៅទីនោះ នេះបើតាមគេហទំព័រ Homeswoof។

អ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលអវកាសវិទ្យាមនុស្ស ឬ SIC Human Spaceology ប្រចាំសាកលវិទ្យាល័យ Kyoto និង ក្រុមហ៊ុនសំណង់ Kajima Corporation អំឡុងសន្និសីទសារព័ត៌មាន នាពេលកន្លងមក បានឲ្យដឹងថា ពួកគេបានសហការគ្នាលើគម្រោងបង្កើតសេវាកម្មជិះរថភ្លើងទៅក្រៅភពនេះ ដោយនឹងនាំមនុស្សពីផែនដីទៅទីនោះ តាមទំនាញសិប្បនិម្មិត។ រថភ្លើងត្រូវដំណើរ ជាមួយនឹងម៉ូទ័រ Linear ឬ ម៉ាស៊ីនរ៉ុក្កែត ចាកចេញពីស្ថានីយ៍នៅផែនដី ហើយដឹកជញ្ជូន តាមរយៈប្រអប់មានរៀង ឆកោន។

ប្រព័ន្ធដឹកជញ្ជូនតាមដានលំហអាកាស Hexagon ឬ រថភ្លើង Hexagon Space Track System ដែលធ្វើដំណើរ រវាងផែនដី ព្រះច័ន្ទ និងភពព្រះអង្គារនេះ គ្រោងនឹងត្រូវឈប់នៅស្ថានីយ៍ លើផ្កាយរណប ដែលធ្វើដំណើរជុំវិញគន្លង នេះបើយោងតាមកាសែតជប៉ុន The Asahi Shimbun។

លោក Yosuke Yamashiki នាយកមជ្ឈមណ្ឌល SIC Human បាននិយាយ នៅក្នុងសន្និសីទសារថា នេះគឺជាផែនការតែមួយគត់ ដែលមិនធ្លាប់មានប្រទេសណាផ្សេង អភិវឌ្ឍន៍នោះទេ។ លោកអះអាងថា «ផែនការរបស់យើង តំណាងឱ្យបច្ចេកវិទ្យាទំនើប ដែលធានាថា មនុស្សជាតិនឹងអាចផ្លាស់ទីរស់នៅ ទៅកាន់អវកាស នាពេលអនាគត»។

យ៉ាងណាក៏ដោយ បើទោះបីជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជឿជាក់ថា ពួកគេអាចបញ្ជូនមនុស្ស ទៅរស់នៅលើឋានព្រះច័ន្ទ នៅឆ្នាំ២០៥០ ក៏ដោយ ប៉ុន្តែ គ្រឿងបរិក្ខារចាំបាច់សម្រាប់មនុស្សរស់នៅបាន ជាក់ស្តែង នឹងត្រូវចំណាយពេល ប្រហែល ១០០ឆ្នាំទៀត ទើបអាចសាងសង់បាន នេះបើតាមកាសែតអាមេរិក Yahoo៕

ប្រភពពី Homeswoof ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner