ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ភ្នំពេញ៖ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ នារសៀលថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០២៤បានបើកសម័យប្រជុំវិសាមញ្ញ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា​ចំនួន ៥៦រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង​យោងលិខិតលេខ៖ ១៩៨៣ កយ.រប/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភា​រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួនមួយរូប ដែលត្រូវបញ្ចប់អាណត្តិ។

អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេង​គាំទ្រ​ចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ

ads banner