អភិបាលខណ្ឌចំការមន ណែនាំឱ្យផ្សព្វផ្សាយលេខទូរស័ព្ទ របស់រដ្ឋបាលខណ្ឌ កម្លាំងសមត្ថកិច្ច​ខណ្ឌ ចៅសង្កាត់ មេប៉ុស្ដិ ជូនពលរដ្ឋ

(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០៦កញ្ញា នៅក្នុងវត្តទួលទំពូង ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន រួមទាំងមន្ត្រី កងកម្លាំងប្រដាប់អាវុធខណ្ឌ-សង្កាត់ ក្នុងខណ្ឌចំការមន លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានធ្វើការ​ណែនាំឱ្យក្រុមការងារខណ្ឌ និងសង្កាត់ ធ្វើការផ្សព្វផ្សាយនូវលេខ​ទូរស័ព្ទរបស់គណៈ​អភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្ដិជាដើម ទុកជូនបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍រាល់ពេលមានបញ្ហាប្រឈម ឬក៏សំណូមពរនានាដែលកើតមានក្នុងមូលដ្ឋាន ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយបន្ទាន់ ។

សូមជម្រាបថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ឆ្នាំ២០២៤ មានពលរដ្ឋជាច្រើន បានសំណូមពរដល់រដ្ឋបាលខណ្ឌ ទាំងផ្ទាល់មាត់ និងជាលាយល័ក្ខអក្សរ ចំនួន ៣២សំណូមពរ ក្នុងនោះ សរសេរជាលាយលក្សអក្សរ មានចំនួន ២៥ និងសំណួរផ្ទាល់មាត់ មានចំនួន ៧ ពាក់ព័ន្ធនឹងការស្នើសុំប័ណ្ណកម្មសិទ្ធកាន់កាប់ដីនៅតំបន់ប្រឡាយបឹងត្របែក, ការស្នើសុំដាក់បណ្ដាញទឹកស្អាតប្រើប្រាស់, ការសាងសំណង់ថ្មីៗមិនមានរបាំងការពារ​ធ្វើឱ្យប៉ះពាល់ផ្ទះអ្នកជិតខាង ស្នើសុំពង្រឹងបន្ថែមលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋាន។ល។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ នាពេលនេះ ក៏មានការធ្វើបទបង្ហាញពីមន្ត្រីនគរបាល លើប្រធានបទ ចំនួនពីរ គឺ ផ្សព្វផ្សាយពីការប្រើប្រាស់គ្រឿងញៀន ដោយណែនាំដល់បងប្អូនប្រជាពលរដ្ឋ សហការជាមួយសមត្ថកិច្ច ដោយរាយការណ៍រាល់ពេលមានការប្រើប្រាស់ គ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីសមត្ថកិច្ច ធ្វើការបង្ក្រាប និងទប់ស្កាត់ ។ ជាមួយនេះ សមត្ថកិច្ច ក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ។

ពាក់ព័ន្ឋសំណូមពរ ស្នើសុំប័ណ្ណកម្មសិទ្ធកាន់កាប់ដីនៅតំបន់ប្រឡាយបឹងត្របែក លោកអភិបាលខណ្ឌ បានណែនាំដល់លោកភូមិបាលខណ្ឌ ឱ្យចុះពិនិត្យ និងធ្វើការវាស់វែងលើការកាន់កាប់ដីរបស់ប្រជាពលរដ្ឋក្នុងតំបន់ប្រឡាយបឹងត្របែក ព្រោះតំបន់នេះ មានជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ដែលស្ថិតក្នុងដីអនុក្រឹត្តិដែលរដ្ឋ បម្រុងទុកជាអាងស្តុកទឹក ។ តែយ៉ាងណា រដ្ឋបាលខណ្ឌ ក៏នឹងធ្វើលិខិតស្នើទៅថ្នាក់លើ ដើម្បីមានជាដំណោះស្រាយជូនបងប្អូននៅទីនោះ ។ ដូច្នេះ សូមបងប្អូនមានការយោគ យល់ ខណៈតំបន់នោះ ក៏ត្រូវបានអាជ្ញាធរ បានធ្វើផ្លូវ តបណ្ដាញទឹកស្អាត ភ្លើង ជូនបងប្អូនបានប្រើប្រាស់ បណ្ដោះអាសន្នសិន ។

ពាក់ព័ន្ធនឹងសំណូមពរឱ្យពង្រឹងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន លោកអភិបាលខណ្ឌ បានលើកឡើងថា នឹងបន្តរៀបចំសណ្ដាប់ធ្នាប់ ដោយអាជ្ញាធរ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការគ្នារៀបចំលើការងារនេះ ។

លោកអភិបាលខណ្ឌ បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនាពេលនេះ យើងបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យរដ្ឋបាលខណ្ឌ និងសង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍សកម្មភាពរបស់ខ្លួន ក្នុងន័យលើកកំពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង ៥ នៃខណ្ឌចំការមន ឱ្យកាន់តែល្អប្រសើរ ។

លោកបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌចំការមន រាល់សំណើ សំណូមពរទាំងនេះ អាជ្ញាធរ នឹងបន្តយកទៅពិនិត្យ និងដោះស្រាយឱ្យមានប្រសិទ្ឋិភាព ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់បងប្អូនប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់ ទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner