ក្រុមហ៊ុន ចុងភៅ សេងហុកហេង ចូលរួមផ្តល់អាហារពេលព្រឹកដោយ​ឥតគិតថ្លៃសម្រាប់ទស្សនកិច្ចខេត្តភាគឦសាន

ភ្នំពេញ៖ លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា បាន​បញ្ជាក់​ពីការចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងព័ត៌មានក្នុងការផ្តល់ កញ្ចប់អាហារពេលព្រឹកដោយ​ឥតគិតថ្លៃចំនួន៣០០ កញ្ចប់ក្នុងមួយ​លើកៗជូន​ដល់​អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានរហូតដល់​ចប់ដំណើរទស្សនកិច្ច។

ការបញ្ជាក់នេះក្នុងឱកាស​ជួប​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និងជាអ្នកសម្របសម្រួលដំណើរ​ទស្សនកិច្ច​ខេត្តភាគ​ឦសាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ច​ដោយពុំបង់ប្រាក់ជើងដំបូងនឹងចាប់ផ្តើមនៅ​ថ្ងៃសៅរ៍ទី៧ ខែកញ្ញា​ស្អែកនេះ ចំនួន២០០ នាក់ទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង​ហុកហេង ដែលបាន​ចូលរួម​គាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាល​កម្ពុជា។ ចំណែកលោក ទូច រដ្ឋា បានជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្រ្តី​ដោយ​បានបង្ហាញការគាំទ្រចំពោះដំណើរទស្សនកិច្ចនេះនិងសម្ដែងនូវក្តីរីករាយដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់កញ្ចប់អាហារពេលព្រឹកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ច នៅទិសឦសាន​ដែលនឹងចាប់ផ្តើម​ពីថ្ងៃទី៧ ខែកញ្ញា។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់​ទិសឦសាន ដោយឥតគិតថ្លៃ” ដោយដំណើរកម្សាន្តនេះ មិន​តម្រូវឱ្យ​មានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥត​គិតថ្លៃ។ រាល់ការ​ចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត និងការ​ចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់​កញ្ចប់​ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិក​សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​នោះទេ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner